ខេត្តកណ្ដាល: ជនជាតិវៀតណាមពីរនាក់ក្នុងចំណោមបក្សពួក៩នាក់ ត្រូវបាននគរបាលក្រុងសំពៅពូនធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យនិងបក្សពួកខាងលើនេះបានចាប់បង្ខាំងមនុស្សធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ និងជម្រិតទារប្រាក់ ។ ករណីសាហាវព្រៃផ្សៃនេះបានកើតឡើងកាលពីថ្ងៃ២៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលគ្មានលេខ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួន២នាក់ ទី១- ឈ្មោះ ង្វៀង វ៉ាន់ថាំ(NGUYEN VAN THANH)ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ ក្រុមហ៊ុនយ៉ុងយុំាង ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល និង២-ឈ្មោះ ង្វៀង វិចហុិញ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅក្រុមហ៊ុនយ៉ុងយ័នភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ចំណែកជនសង្ស័យ៧នាក់ទៀតត្រូវបានសមត្ថកិច្ចកំពុងធ្វើការផាវជ្រាវ ។
ប្រភពដដែលបានបន្តថា យោងតាមកាមេរ៉ាសុវត្ថិភាព និងយោងតាមការចង្អុលបង្ហាញរបស់ជនរងគ្រោះ អំពីរូបថតជនសង្ស័យទាំង២ខាងលើ បានបញ្ជាក់ថាពិតជាមានពាក់ព័ន្ធក្នុងករណីចាប់ឃុំយាំងនិងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ធ្វើទារុណកម្មបណ្ដាឲ្យជនរងគ្រោះស្លាប់និងជំរិតទារប្រាក់) នេះពិតប្រាកដមែន។
បច្ចុប្បន្នជំនាញបានយកមុខសង្ស័យជនជាតិវៀតណាមចំនួន9នាក់ពីខេត្តស្វាយរៀងយកមកសាកសួរក្រុមការងារកំពុងស្រាវជ្រាវបន្ត៕ដោយ៖ស្អាងជ័យ