លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិថ្មី បន្តជំរុញប្រសិទ្ធភាពការងារ និងរក្សាសាមគ្គីភាពផ្ទៃក្នុង

ចែករំលែក៖

ខេត្តកណ្តាល : លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មី ក៏ដូចជាគណបក្សប្រជាជនកម្ពុជា មិនដែលឡើងទួកហើយ រុះស្ពានចោលទេ  ពោលគឺមិនបោះបង់ចោលអ្នកដែលធ្លាប់រួមសុខរួមទុក្ខជាមួយគ្នានោះទេ។

លោកបណ្ឌិត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាលប្រមាណជិត២ម៉ឺននាក់ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានរម្លឹកដល់រដ្ឋមន្រ្ដីនៅតាមបណ្ដាក្រសួងស្ថាប័ននានាដែលត្រូវរៀបចំមន្រ្ដី ត្រូវពង្រឹងគោលបំណងនៃប្រសិទ្ធភាពស្ថាប័ន គឺរក្សាប្រសិទ្ធភាពការងារ និងសាមគ្គីភាពផ្ទៃក្នុង នោះទើបអាចដើរទៅមុខទាំងអស់គ្នាបាន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងថា រាជរដ្ឋាភិបាលថ្មី ទោះបីជាតួអង្គនៅតាមក្រសួងស្ថាប័នមួយចំនួនថ្មីក៏ដោយសម្រាប់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏ប៉ុន្ដែគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់គណបក្សប្រជាជន គឺមិនបានផ្ដាស់ប្ដូរនោះទេ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រដ្ឋមន្រ្ដីថ្មីនៅតាមបណ្ដាក្រសួង ស្ថាប័នចំពោះការតែងតាំងមន្រ្ដី គឺត្រូវផ្អែកទៅលើគុណាធិបតេយ្យ លើអតីតភាព និងប្រសិទ្ធភាពការងារ និងការបន្ស៊ីគ្នាទៅលើប្រសិទ្ធភាពការងារ ដូចពាក្យថា «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» ដោយប្រើប្រាស់កម្លាំងទាំងអស់ទាំងចាស់ទាំងថ្មី ដែលនេះគឺជាគុណធម៌ក្នុងការរៀបចំរាជរដ្ឋាភិបាលថ្មីនេះ។

នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសថា មន្ត្រីរាជការណាដែលត្រូវបានតួនាទីបន្ថែមជាទីប្រឹក្សាក្រសួងស្ថាប័ន និងមិនត្រូវបានផ្ដល់ងារឋានៈស្មើណាមួយទៀតនោះទេ ខណៈអ្នកដែលត្រូវបានផ្ដល់ហើយនឹងត្រូវទុកពេល ៦ខែដើម្បីឲ្យជ្រើសរើសថាចង់បានតួនាទីប្រឹក្សាឋានៈស្មើ ឬតួនាទីក្នុងស្ថាប័នការងារ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ថាការធ្វើបែបនេះគឺដើម្បីបញ្ជៀសនូវការលំបាកនូវការបែងចែកឋានៈដោយសារកាលពីមុនមានអភិបាលរងខណ្ឌមានឋានៈស្មើរដ្ឋមន្ត្រី។

លោកបណ្ឌិតថា ,ការធ្វើបែបនេះក៏បញ្ជៀសនូវការប្រកួតប្រជែងការចង់បាននូវតួនាទីជាទីប្រឹក្សាឋានៈស្មើផងដែរ។

លោកបណ្ឌិតលើកឡើងថា : ថានៅពេលនេះរដ្ឋាភិបាលកំពុងរៀបចំនូវច្បាប់មួយដើម្បីបែងចែកនូវតួនាទីទាំងនេះ។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រោយពីច្បាប់នេះចេញ រាល់ការផ្ដល់ងារជាទីប្រឹក្សាដែលមានឋានៈស្មើនឹងត្រូវផ្ដល់ជូនតែអ្នកដែលមិនមានតួនាទីក្នុងរាជការប៉ុណ្ណោះ ខណៈដែលអ្នកដែលមានតួនាទីត្រូវផ្ដល់ត្រឹមឋានៈជាទីប្រឹក្សា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print