អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ បន្ទាប់ពីបានវិលត្រឡប់មកប្រទេសវិញកាលពីថ្ងៃទី ២២ ខែសីហា ហើយទើបតែបានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រកាលពីដើមសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន Bloomberg ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានកាត់បន្ថយការដាក់ទោសអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា មកត្រឹម១ឆ្នាំ បន្ទាប់ពីអតីតមេដឹកនាំរូបនេះបានវិលត្រឡប់មកប្រទេសវិញក្រោយពីបាននិរទេសខ្លួនឯងអស់រយៈពេល១៥ឆ្នាំ។
យោងតាមកាសែតផ្លូវការរបស់រាជវង្សថៃ “លោកថាក់ស៊ីនបានសារភាពចំពោះឧក្រិដ្ឋកម្មនេះ ហើយបានសម្តែងនូវវិប្បដិសារី” ការណ៍ដែលគាត់មានជំងឺក៏ត្រូវបានលើកឡើងដែរ។
លោក ថាក់ស៊ីន អាយុ៧៤ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៨ ឆ្នាំ ពេលគាត់ត្រឡប់មកផ្ទះវិញនៅថ្ងៃទី ២២ ខែសីហា។ គាត់បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រកាលពីដើមសប្តាហ៍នេះ។
យោងតាមសារព័ត៌មានថៃ ច្បាប់បច្ចុប្បន្នរបស់ប្រទេសនេះអនុញ្ញាតឱ្យទណ្ឌិតដាក់សំណើសុំលើកលែងទោសពីព្រះមហាក្សត្រ ហើយពាក្យសុំនឹងត្រូវផ្ទេរពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមរយៈនាយករដ្ឋមន្ត្រី ទៅក្រុមប្រឹក្សាឯកជន និងចុងក្រោយថ្វាយព្រះមហាក្សត្រ។ ដំណើរការទាំងមូល ជាមួយនឹងការបំពេញឯកសារទាំងអស់ ជាធម្មតាត្រូវចំណាយពេលពីមួយទៅពីរខែ។
រដ្ឋាភិបាលបណ្ដោះអាសន្នបច្ចុប្បន្នរបស់ប្រទេសថៃហៀបនឹងបញ្ចប់ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ រហូតដល់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ថាវីស៊ីន និងគណបក្សភឿថៃ (ដើម្បីប្រទេសថៃ) ឡើងកាន់អំណាច។ ទោះជាយ៉ាងណា អគ្គមេធាវីដែលផុតអាណត្តិរបស់ប្រទេសថៃ លោក Wissanu Krea-ngam បានធានាថាដំណើរការដាក់ពាក្យសុំនឹងមិនប្រើពេលយូរទេ។
«នីតិវិធីពីរដ្ឋាភិបាលមិនចំណាយពេលយូរទេ ប៉ុន្តែអាស្រ័យលើពេលវេលានៃការពិនិត្យរបស់ព្រះមហាក្សត្រ»។
លោក Wissanu ក៏បានបញ្ជាក់ដែរថា លោក ថាក់ស៊ីន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិស។ អ្នកនយោបាយដ៏ល្បីបំផុតរបស់ប្រទេសថៃត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ូលិស ដោយឈឺទ្រូង និងលើសឈាមនៅយប់ដំបូងរបស់គាត់នៅក្នុងពន្ធនាគារ។
ការវិលត្រឡប់របស់លោកថាក់ស៊ីន ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោកស្រេតថាថាវីស៊ីន នៃគណបក្ស For Thailand ឈ្នះការបោះឆ្នោតសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃ៕ ដោយធីរីណា
រូបថត: Reuters