ខេត្តមណ្ឌលគិរី : កាន់តែបង្ហាញនូវភាពមិនថ្លៃថ្នូរ ការអនុវត្តខុសពីតួនាទីភារកិច្ច ដើម្បីផលប្រយោជន៍ ក្បត់ឧត្តមគតិខ្លួនឯង យកលិខិតបេសកកម្ម ដែលបម្រើឲ្យអង្គភាព ទៅប្រព្រឹត្តបទល្មើស ដាក់កុងត្រូលជជុះ ជម្រិតទារប្រាក់ពីអ្នក ដឹកជញ្ជូន លើដងផ្លូវ នៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា : តាមរយៈវីដេអូឃ្លីប គេឃើញបុរសម្នាក់ បានប្រើប្រាស់រថយន្តរបស់ខ្លួន ធ្វើជាមធ្យោបាយក្នុងការប្រដេញ ប្រមាញ់តាមរថយន្តដែលខ្លួនសង្ស័យថាដឹកបទល្មើស រួចជាថ្នូរនិងការទទួលប្រាក់ ធ្វើឱ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ។ ក្នុងនោះគេបានឃើញ លោកវរសេនីយ៍ទោ សុះ ហូសេន អត្តលេខ ២២៨០១៩ មានមុខងារ នាយករងផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន កងឯកភាព អធិការកិច្ច កងទ័ពជើងគោក ។ បើយោងតាមលិខិតបញ្ជាបេសកកម្ម ដែលចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ត្រី ធុក ធារីវុឌ្ឍ បានបញ្ជាក់ថា, លោកវរសេនីយ៍ទោ សុះ ហូសេន មានភារកិច្ច ទំនាក់ទំនងការងារ ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី ។ ប៉ុន្តែប្រជាពលរដ្ឋកំពុងមានចម្ងល់ថា, តើលោកវរសេនីយ៍ទោ សុះ ហូសេន មានភារកិច្ចចុះបង្ក្រាបគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តទាំងបួនខាងលើ ឬមួយក៏ លិខិតបញ្ជាបេសកកម្មរបស់គាត់ មានភារកិច្ចថ្មីមួយបន្ថែម ខាងជំនាញប្រមាញ់រថយន្តលើដងផ្លូវ ដែលខ្លួនសង្ស័យថាដឹកបទល្មើសអនុផលព្រៃឈើ រួចជម្រិតទាប្រាក់ ដូចជាប្រិយមិត្តបានឃើញរួចជាស្រាប់ហើយ នៅក្នុងវីដេអូឃ្លីបដែលប្រជាពលរដ្ឋប្រមាញ់ថតបាន គឺគាត់ធ្វើសកម្មភាព បើកដេញរថយន្តទូរីស រួចហើយយកប្រាក់ ឃើញស្ដែងៗ តើត្រឹមត្រូវដែលឬទេ ? ករណីនេះមេត្តាសាម៉ីអង្គភាព ជ្រាបជាដំណឹងផង។
សូមជម្រាបជូនថា , នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពី លោកវរសេនីយ៍ទោ សុះ ហូសេន ខណៈប្រជាពលរដ្ឋកំពុងរិះគន់ ដោយគ្មានលេខទូរសព្ទ។ ប៉ុន្តែអង្គភាពយើងខ្ញុំ រង់ចាំទទួលការបកស្រាយ ដោយសមហេតុផលណាមួយ អាចទទួលយកបាន រាងរាល់ម៉ោងធ្វើការរដ្ឋបាល ៕
ដោយ : សិលា