ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយយកក្រម៉ាចងកទៅនឹងធ្នឹមផ្ទះ លាចោលប្រពន្ធ និងកូន៣នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា បុរសដែលចងកសម្លាប់ខ្លួនឯងនេះមានឈ្មោះ ឡុត ចាន់ អាយុ៣១ឆ្នាំ មានប្រពន្ធ និងមានកូន៣នាក់ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ស្ត្រីជាប្រពន្ធឈ្មោះភា ចាន់ណា បានអោយដឹងថា គាត់មិនបានដឹងថា ប្តីរបស់គាត់ បានលួចដើរទៅចងកតាំងពីពេលណានោះទេ ព្រោះនៅពេល យប់បានចូលដេក ក្នុងមុងជាមួយគ្នា ស្រាប់តែនៅវេលាម៉ោង ប្រមាណជិត២យប់ រំលងអធ្រាត្រ ពេលដែលគាត់ក្រោកមក បានបាត់ប្តីរបស់គាត់ពីក្នុងមុង រូបគាត់ បានដើររកក៏ប្រទះឃើញប្តីរបស់គាត់ស្លាប់ដោយចងកបាត់ទៅហើយ និងងបានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង ហើយមានការភ្ញាក់ផ្អើលឡើង ។
ស្ត្រីជាប្រពន្ធបានប្រាប់ទៀតថា គាត់មិនដឹងថា ប្តីរបស់គាត់ចងសម្លាប់ខ្លួនដោយមូលហេតុអីពិតប្រាកដនោះទេ គ្រាន់តែដឹងថា គ្រួសាររបស់គាត់មានជីវភាពក្រលំបាក ហើយកាលពីប៉ុន្មានថ្ងៃមុនបានសុំម្តាយទិញបាឡាស្មាច់មួយដើម្បីរាយមងដាក់សន្ទូច ប៉ុន្តែម្តាយអត់មាន លុយ ក៏ស្រាប់តែមានហេតុការណ៍នេះកើតឡើងតែម្តង ។
សមត្ថកិច្ចដែលចុះពិនិត្យកន្លែកើតហេតុបានអោយដឹងថា បុរសរូបនេះពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយយកជើងម៉ាឡើងឈរហើយយកក្រម៉ាចងកជាប់នឹងធ្នឹមផ្ទះបណ្តាលអោយស្លាប់តែម្តង ៕ ចន្ថា