ភ្នំពេញ៖ តារាកំប្លែងប្រុសស្រីវ័យក្មេងពីររូបគឺនាយចឺម និងកញ្ញា លីឡា នឹងប៉ះគ្នាជាថ្មីក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម Eye Love Film គឺរឿង”លត់ដែកថែប”។ ការជួបគ្នាជាថ្មីនេះក្រោយពេលដែលដំណឹងចចាមអារ៉ាមនាយចឺម ខូចចិត្តនឹងនីឡាភ្ជាប់ពាក្យនោះត្រូវបានស្ងប់ស្ងាត់។
ការបញ្ជាក់ពីវត្តមានតារាកំប្លែងប្រុសស្រីទាំងពីរគឺគ្រាដែលផលិតកម្ម Eye Love Film ធ្វើពីធីក្រុងពាលីប្រកាសចាប់ផ្តើមដំណើរផលិតនាខ្សែភាពយន្តខាងលើកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ជាមួយវត្តមានតារាសម្តែងប្រុសស្រីជាច្រើនរូបទៀត។
នាយចឺម បានបញ្ជាក់ថារឿង”លត់ដែកថែប”គឺជាខ្សែភាពយន្តថ្មីមួយដែលលោកទទួលសម្តែងបន្ទាប់ពីឆ្លងកាត់សម្តែងខ្សែភាពយន្តប្រមាណជាង១០រឿងកន្លង។ តារាកំប្លែងវ័យក្មេងរូបនេះបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលលោកបានសម្តែងរួមជាមួយនឹងកញ្ញា លីឡា ហើយក៏ជាតារាកំប្លែងរួមឆាកស្ទើរគ្មានលួសពេលដែរ។ លោកបន្តថា ក្នុងខ្សែភាពយន្តនេះលោកសម្តែងជាតួអង្គមានអត្តចរិកបែបច្រឡឺមចូលចិត្តញ៉ែដូចគ្នានៅចរិកដែលលោក តែសម្តែងនៅលើឆាកដូចច្នេះដែរ។ លោកបន្តថា ក្នុងរឿងនេះក្រៅពីឈុតឆាកឡែបខាយជាមួយតួអង្គនីឡា លោកក៏មានឈុតឆាកបែបវាយតប់ផងដែរ ដែលនឹងមានគ្រូជំនាញផ្នែកក្បាច់គុណនឹងជួយបង្ហាត់បង្រៀន។ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេរូបនេះបញ្ជាក់ដែរថា ក្រោយការបកស្រាយអំពីទំនាក់ទំនងក្រៅឆាក ឬ ថានាយខូចចិត្តត្បិត នីឡាភ្ជាប់ពាក្យមកពេលនេះដំណឹងនេះបានស្ងប់ស្ងាត់ហើយដែរ។
តារាកំប្លែងកញ្ញា នីឡា ដែលទើបនឹងភ្ជាប់ជាមួយនឹងកូនប្រុសថៅកុនថ្មីៗនេះវិញបានបញ្ជាក់ថា បើទោះបីជាខ្សែភាពយន្តខាងលើមានឈុតឆាកស្នេហាបែបឡែបខាយច្រើនជាមួយនាយចឺមក្តីក៏នាងមិនមានអ្វីដែលចម្លែកខ្លាំងទេព្រោះតែការសម្តែងបែបនេះត្រូវបានធ្វើឡើងជាច្រើនលើកច្រើនសារពិសេសនៅលើឆាក។ នាងបន្តថា ក្រោយភ្ជាប់ពាក្យរួចនាងនៅតែប្រកាន់ជំហរបន្តការងារសិល្បៈដដែល ហើយគូដណ្តឹងនាងបានយល់និងដឹងច្រើនអំពីការសម្តែង។ នីឡារំពឹងថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើននៅពេលដាក់បញ្ចាំងនៅរោងភាពយន្ត។
ជុំវិញការផលិតខ្សែភាពយន្តខាងលើនេះដែរលោក សុខ ដែន ដែលជាតារាសម្តែងសំខាន់ក្នុងរឿង នេះបានបញ្ជាក់ថា ខ្សែភាពយន្តនេះគឺជារឿងប្រភេទ វាយតប់ កំប្លែង ស្នេហាដូចនេះហើយទើបត្រូវជ្រើសរើសយកតារាសម្តែងជាច្រើនទាំងតារាជើងចាស់ និងជំនាន់ក្រោយរួមទាំងតារាសម្តែងផងដែរ។ លោកថា ខ្សែភាពយន្តនេះអាចនឹងចំណាយប្រមាណជាង៣ម៉ឺនដុល្លារអាមេរិក និងគ្រោងផលិតប្រមាណជាមួយខែដែលទីតាំងភាគច្រើនថតនៅខេត្តមណ្ឌលគិរី។ លោករំពឹងថាខ្សែភាពយន្តនេះនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជនព្រោះតែសាច់រឿងប្លែក បច្ចេកទេសទំនើប និងរួមសម្តែងដោយតារាប្រុសស្រីក្មេងចាស់ជាច្រើនជំនាន់ចូលរួមសម្តែង៕
ដោយ៖ វឌ្ឍនា