ភ្នំពេញ÷ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧។
បន្ទាប់ពីសម័យប្រជុំរដ្ឋសភាបានរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកគណៈកម្មការនីមួយៗ ចប់សព្វគ្រប់ហើយ គណៈកម្មការរដ្ឋសភាទាំង១០ បានរៀបចំបោះឆ្នោតផ្ទៃក្នុងតាមគណៈកម្មការនីមួយៗ បន្តទៀត ក្នុងការជ្រើសតាំងលេខាធិការនៃគណៈកម្មការ។
សូមជម្រាបថា គណៈកម្មការជំនាញរដ្ឋសភា នីមួយៗ ដឹកនាំដោយប្រធានមួយរូប អនុប្រធានមួយរូប មានលេខាធិការគណៈកម្មការមួយរូប និងមានសមាជិកចំនួន ៦រូប។
គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា មាន ៖
– គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
– គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
– គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
– គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ
– គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន
– គណៈកម្មការនីតិកម្ម និងយុត្តិធម៌
– គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍
– គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី
– គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
– គណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ៕ដោយ៖សុរិយា