ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៥ កញ្ញា ២០២៣នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ (កិច្ចប្រជុំពេញអង្គ) ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។
កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដោយនឹងផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។
បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននូវអាស៊ាន ឆ្នាំ២០៤៥។
គួរបញ្ជាក់ដែរថា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា លោក ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីម្សិលមិញនេះ បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា និង បានផ្តាំផ្ញើការសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងនាមជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់ ឯកឧត្តម និង របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ។
ជាការឆ្លើយតប, សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរ និង ការផ្តាំផ្ញើសួរសុខទុក្ខនេះ ហើយ សម្តេចមហាបវរធិបតី ក៏បានកោតសរសើរផងដែរចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ប្រទេស និង ប្រជាជនឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ។
បន្ទាប់ពីការអបអរសាទរ និងកិច្ចស្វាគមន៍ទៅវិញទៅមក, ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស ក្នុងទិដ្ឋភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស និង ការប្រយុទ្ធប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ។ ក្នុងន័យនេះ, ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ឥណ្ឌូនេស៊ី ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕ ដោយ៖ស តារា