ខេត្តមណ្ឌលគិរី÷ សំបុកសត្វក្រៀល ១សំបុកត្រូវបានរកឃើញជាថ្មីម្តងទៀតកាលពីខែសីហា ឆ្នាំ២០២៣កន្លង ទៅនេះ ដោយក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំខេត្តមណ្ឌលគិរី បន្ទាប់ពីបានរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ២០២០ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងភូមិស្រែអណ្តោល ដែលជាព្រំប្រទល់រវាងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ តាមរយៈការពិនិត្យទៅលើសំបុក និងសំបកស៊ុតដែលបានញាស់ បានបង្ហាញអោយឃើញថា កូនសត្វក្រៀលចំនួន ២ក្បាល បានញាស់ចេញពីសំបុកដោយសុវត្ថិភាព។
សត្វក្រៀលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរង គ្រោះក្នុងបញ្ជីប្រហមរបស់អង្គការ IUCN និងកំពុងទទួលរងការគំរាមកំហែងយ៉ាងខ្លាំង តាមរយៈសកម្មភាពមួយចំនួនរបស់មនុស្សដូចជា ការបំពុល ការរានដីធ្វើកសិកម្មនៅតំបន់ដីសើម ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីជម្រក ចំនីអាហារ និងវត្តបន្តពូជរបស់សត្វប្រភេទនេះ។ សត្វក្រៀលគឺជាប្រភេទសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក មានកម្ពស់ប្រហែល ១,៧០ ម៉ែត្រ មានទំងន់ប្រមាណ ៥-១២ គីឡូក្រាមសំរាប់សត្វក្រៀលពេញវ័យ។ សត្វក្រៀលចាប់ផ្តើមបង្កកំណើតនៅដើមរដូវវស្សា ពីខែឧសភា ដល់ខែតុលា និងធ្វើសំបុកពងកូននៅតាមវាលស្មៅធំៗដែលជាតំបន់ដីសើម ក្នុងដែនជម្រកសត្វព្រៃកម្ពុជា។
គួរបញ្ជាក់ដែរថា តំបន់ដែនជម្រកសត្វព្រៃកែវសីមា ភាគខាងជើងរវាងខេត្តមណ្ឌលគិរី និងខេត្តក្រចេះក្នុងចំនុចភូមិសាស្ត្រភូមិស្រែអណ្តោលគឺជាទីតាំងដ៏សំខាន់សំរាប់វត្តមានសត្វក្រៀលក្នុងការបង្កកំណើតជារៀងរាល់ឆ្នាំ ប៉ុន្តែមួយរយៈចុងក្រោយនេះព្រៃឈើនៅតំបន់នេះបាននឹងកំពុងរងការកាប់បំផ្លាញ ជាពិសេសការរានដីធ្វើកសិកម្មនិងអាជីរកម្មបានកើតមានជាហូរហែរដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វត្តមាន និងការបង្កកំណើតរបស់សត្វបក្សីដ៏ធំមួយនេះ។
សូមប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ ព័ន្ធចូលរួមថែរក្សាការពារតំបន់ដែនជម្រកសត្វព្រៃកែវ សីមា និងតំបន់ដែនជម្រកសត្វព្រៃផ្សេងទៀត ដើម្បីរួម ចំណែកក្នុងការអភិរក្សព្រៃឈើនិងសត្វព្រៃ ក៏ដូចជាថែ រក្សានូវតំលៃនិងវត្តមានជីវៈចម្រុះដែលមានក្នុងប្រទេសកម្ពុជាយើងអោយបានគង់រង្សយូរអង្វែងដល់កូនចៅជំនាន់ក្រោយ ហើយដើម្បីអាចក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចផ្តល់ប្រាក់ចំណូលដល់សហគមន៍វិញដោយស្របច្បាប់ និងមិនមានហានិភ័យខ្ពស់។
ក្រោមការគាំទ្រពីក្រសួងបរិស្ថាន គម្រោងរេដបូកកែវ សីមា និង USAID មរតកបៃតង យើងសង្ឃឹមយ៉ាងមុត មាំថាយើងទាំងអស់គ្នារួមគ្នាពិតជាអាចថែរក្សា និងការ ពារជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាបាន៕ដោយ៖សុរិយា