ខេត្តសៀមរាប៖ បុរសជាកម្មករថែទាំក្រពើម្នាក់បានដាច់ចិត្តចង.កសម្លាប់ខ្លួនឯងយ៉ាងអាណោចអធ័មនៅកន្លែងចិញ្ចឹមសត្វក្រពើ ក្រោយពេលប្រពន្ធខ្លួនស្តីបន្ទោសរឿងផឹកស៊ីមិនសូវធ្វើការងារ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងផ្ទះថៅកែក្រពើឈ្មោះហាក់ សេង ភូមិជ្រាវសង្កាត់ជ្រាវ ក្រុងសៀមរាប។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសគិតខ្លីរូបនោះមុនពេលស្លាប់បានគំរាមខ្លួនថានិងលោតចូលអាងក្រពើដើម្បីឲ្យក្រពើស៊ី ប៉ុន្ដែដោយសារមានអ្នកឃាត់ ទើបមិនបានសម្រេច ប៉ុន្ដែមិនដឹងថាយ៉ាងម៉េចបានជាទៅចង.កសម្លាប់ខ្លួននៅរោងអាងចិញ្ចឹមក្រពើនោះទៅវិញ។
លោកវរសេនីយ៍ត្រី ខោល ស៊ុនភារម្យ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌៀប គ្រេ ហៅញ៉ាញ់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករយាមអាងក្រពើ មានទីលំនៅកន្លែងកើតហេតុខាងលើ។ លោកបានបន្តថា មូលហេតុដែលបណ្តាលឲ្យបុរសនោះគិតខ្លីដោយសារគាត់ត្រូវប្រពន្ធស្តីបន្ទោសរឿងផឹកស៊ីមិនធ្វើការ។
ក្រោយពីកើតហេតុ ឆ្លងតាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចចម្រុះនិងគ្រូពេទ្យបានបង្ហាញថា ជនរងគ្រោះពិតជាបានចង.កសម្លាប់ខ្លួនឯងទៅនឹងធ្នឹមផ្ទះក្នុងរោងចាំក្រពើមែន។ បន្ទាប់ពីបានធ្វើកោសល្យវិច័យរួចរាល់សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជានិរន្ដរ៍