ភ្នំពេញ៖ ក្នុងគោលដៅគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ចូលមកស្នាក់នៅធ្វើការក្នុងប្រទេសកម្ពុជាទាំងស្របច្បាប់និងខុសច្បាប់ឲ្យមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យជនអន្តោប្រវេសន៍វៀតណាមនៅក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រកឃើញជនជាតិវៀតណាមចូលមកស្នាក់នៅនិងធ្វើការខុសច្បាប់ចំនួន៩៣នាក់ ស្រី៣៤នាក់ ។
...
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យនៅតាមបន្ទប់ជួលរកឃើញជនបរទេសអន្តោប្រវេសន៍វៀតណាមចំនួន៩៣នាក់ ស្រី៣៤នាក់ ចូលមកស្នាក់នៅធ្វើការខុសច្បាប់គ្មានលិខិតស្នាមអ្វីទាំងអស់ ។ ក្រោយពីពិនិត្យឃើញថាគ្មានឯកសារត្រឹមត្រូវស្របតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជា ជនអន្តោប្រវេសន៍ទាំង៩៣នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីរៀបចំបំពេញបែបបទស្នើសុំគោលការពីសម្តេចក្រឡាហោម បញ្ជូនទៅប្រទេសដើមវិញ ។
ជាមួយនិងការឃាត់ខ្លួនជនជាតិវៀតណាមទាំង៩៣នាក់នេះ សមត្ថកិច្ចកម្ពុជាបានអញ្ជើញមន្ត្រីស្ថានទូតវៀតណាមមកពិនិត្យនិងទទួលស្គាល់ថាជាជនជាតិរបស់ខ្លួន ទើបយើងចាប់បញ្ជូនទៅប្រទេសដើមវិញ ៕
ដោយ៖ សណ្តោស
...