នៅក្នុងលិខិតជួនពរប្រធានាធិបតីហ្វីលីពីន Rodrigo duterte ពេលស្បថចូលកាន់តំណែងប្រធនាធិបតី លោកស៊ីជីងពីង បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំង មានបំណងកែទម្រង់ទំនាក់ទំនងជាមួយទីក្រុងម៉ានីល តាមរយៈការខិតខំរួមគ្នា។
លោក Duterte អាយុ៧១ឆ្នាំបានស្បថចូលកាន់តំណែងនៅវិមាន Malacanang ក្នុងទីក្រុងម៉ានីល កាលពីថ្ងៃទី៣០ ខែមិថុនា ក្លាយជាប្រធានាធិបតីទី១៦ របស់ប្រទេសក្នុងតំបន់អាស៊ាន ដែលមានពលរដ្ឋ ១០២លាននាក់។
មិនដូចជាអតីតប្រធានាធិបតីមុនលោក Rodrigo duterte ត្រូវបានក្រុមអ្នកវិភាគបញ្ចាក់ថា នឹងអាចដោះស្រាយវិបត្តិនៅដែនសមុទ្រចិនភាគខាងត្បូងជាមួយចិនដីគោកបានយ៉ាងល្អ។
ទំនាក់ទំនងរវាងហ្វីលីពីននិងចិន បានប្រេះឆាក្រោយពេលអតីតប្រធានាធិបតី Benigno Aquino បានប្តឹងចិនឡើងទៅកាន់តុលាការ អាជ្ញាកណ្តាលអន្តរជាតិ PCA នៅទីក្រុងឡាអេ ប្រទេសហូឡង់កាលពីឆ្នាំ២០១៣ ។
នៅក្នុងលិខិតជូនពរផ្ញើរទៅកាន់ប្រធានាធិងតីហ្វីលីពីន លោកស៊ីជីងពីនបានប្រកាសថា ប្រទេសទាំងពីរគឺជាប្រទេសជិតខាងគ្នាមានភាពស្និតស្នាលនិងគ្នា ជាប្រពៃណីមានតាំងពីជាង១ពាន់ឆ្នាំមុន។
មានប្រសាសន៍នៅក្នុងពិធីស្បថចូលកាន់តំណែងលោក Rodrigo duterte បានសន្យាថា លោកនឹងប្រឆាំងអំពើពុករលួយ ទប់ស្កាត់បទល្មើស ការជួញដូរគ្រឿងញៀន ប៉ុន្តែលោកមិនបានលើកឡើងពីគោលនយោបាយជាមួយទីក្រុងប៉េកាំងនោះឡើយ។
លោក Zhu Feng អគ្គនាយកមជ្ឈមណ្ឌុល សហប្រតិបត្តិការស្រាវជ្រាវពីដែនសមុទ្រចិនភាគខាងត្បូងនៃសកវិទ្យាល័យទីក្រុងប៉េកាំងបានវាយតម្លៃថា ប្រធានាធិបតី Rodrigo duterte អាចនិងមានទស្សនទន់ភ្លន់ជាងអតីតប្រធានាធិបតីដែលទើបតែបញ្ចប់អាណាត្តិស្តីពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង។
នៅថ្ងៃទី០១ ខែកក្កដា ចិនបានបញ្ចាក់ជាថ្មីម្តងទៀតថា ចិនមិនទទួលស្គាល់ការសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិនោះឡើយ ដែលនឹងប្រកាសនៅថ្ងៃទី១២ ខែកក្កដា ខាងមុខ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ៊ុងលី បានប្រកាសថា តុលាការអាជ្ញាកណ្តាលគ្មានសិទ្ធក្នុងការសម្រេចលើពាក្យបណ្តឹងរបស់ហ្វីលីពីនឡើយជុំវិញវិវាទដែនអធិបតេយ្យ។
នៅពេលដែលរង់ចាំការសម្រេចរបស់តុលាការ ប្រព័ន្ធផ្សព្វផ្សាយចិនបានអំពាវនាវដល់មេដឹកនាំ Rodrigo duterteបង្ហាញភាពស្មោះត្រង់ក្នុងការកែលម្អទំនាក់ទំនងតាមរយៈកិច្ចពិភាក្សាទ្វេភាគី៕
ប្រែសម្រួល៖សាធី