ខេត្តឧត្តរមានជ័យ៖ ឈើប្រណីតប្រភេទ បេង ធ្នង់ និងឈើប្រណីតផ្សេងទៀតកំពុងត្រូវបានពួកឈ្មួញដឹកជញ្ជូនតាមគោយន្ត កន្ត្រៃចេញពីដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដោយមានការបើកដៃពីសំណាក់មន្រ្តីអភិរក្សគូលែន-ព្រហ្មទេពដែលប្រចាំការ នៅតំបន់នោះ ។ មិនតែប៉ុណ្ណោះគេមិនដែលឃើញមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបរាល់សកម្មភាពដឹកជញ្ជូនឈើប្រណីតទាំងនោះឡើយ ។
សកម្មភាពដឹកឈើប្រណីតយ៉ាងអនាធិបតេយ្យទាំងនោះក្រុមអ្នកដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃបាននិយាយថា ពួកគាត់បានធ្វើសកម្មភាពកាប់ឈើទាំងនេះជាច្រើនឆ្នាំមកហើយ ដោយដឹកចេញពីដែនជម្រក សត្វព្រៃគូលែន-ព្រហ្មទេព ស្ថិតនៅភូមិ អន្ទិល ស្រុកជាំក្សាន្ត ខេត្តព្រះវិហារជាប់ ព្រំប្រទល់ ខេត្តឧត្តរមានជ័យ រួចដឹកជញ្ជូនមកស្តុកនៅតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិ ត្រពាំងក្រសាំង ឃុំ-ស្រុកត្រពាំងប្រាសាទ ដោយមានក្រុមឈ្មួញជាមន្ត្រីសមត្ថកិច្ចតែម្តងចាំទទួលទិញ ដឹកបន្តចូលទៅតាមរោងសិប្បកម្មនានា ក្នុងស្រុកត្រពាំងប្រាសាទ កែច្នៃធ្វើជាគ្រឿងសង្ហារិម និងបន្តលើកដាក់ រថយន្តធំៗដឹកឆ្ពោះទៅខេត្តនានា។
ពាក់ព័ន្ធនឹងសកម្មភាពកាប់បំផ្លាញដឹកជញ្ជូនឈើប្រណីតយ៉ាងគគ្រឹកគគ្រេងបែបនេះមាន រយៈពេលយូរឆ្នាំមកហើយចេញពីដែន អភិរក្សជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ត្រូវគេនិយាយថា មានការបើកដៃពីសំណាក់មន្រ្តីអភិរក្សប្រចាំការនៅតំបន់បរិស្ថាន ជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ ។ ភ្នាក់ងារយកព័ត៌មានមិនអាចទាក់ទងទៅមន្រ្តីអភិរក្សគូលែន-ព្រហ្មទេព ដែលប្រចាំការនៅតំបន់នោះបានទេ ដោយពុំមានទូរស័ព្ទ។ ប៉ុន្តែចំពោះសកម្មភាពដឹកជញ្ជូនឈើប្រណីតទាំងនេះចូលតាមរោង សិប្បកម្មនានានៅក្នុងស្រុកត្រពាំង ប្រាសាទ លោក ញ៉ែម ណាយវ៉ាន់ នាយ សង្កាត់រដ្ឋបាលព្រៃឈើបានឲ្យដឹងតាមទូរស័ព្ទថា ការកាប់ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លោក មិនអាចទៅទប់ស្កាត់បានទេ ព្រោះជាភារ កិច្ចរបស់មន្ត្រីបរិស្ថាន ហើយបញ្ហានេះលោកឲ្យទៅសួរខាងមន្រ្តីបរិស្ថានវិញ ៕
ដោយ៖ ប៉ែននួន