នៅថ្ងៃទី 11 ខែកញ្ញា ជាង48 ម៉ោងបន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីដែលបានកើតឡើងនៅល្ងាចថ្ងៃទី 8 ខែកញ្ញា បណ្តាលឱ្យមានអ្នកស្លាប់និងរបួសច្រើនបំផុតនៅក្នុងប្រទេសម៉ារ៉ុកក្នុងរយៈពេលជាង60ឆ្នាំកន្លងមក។ កងកម្លាំងជួយសង្គ្រោះត្រូវប្រណាំងប្រជែងនឹងពេលវេលាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីស្វែងរកមនុស្សនៅរស់រានមានជីវិត។
ប្រទេសអេស្បា៉ញនិងអង់គ្លេសបានបញ្ជូនក្រុមអ្នកជំនាញការស្វែងរក និងជួយសង្គ្រោះ និងឆ្កែទៅកាន់ប្រទេសម៉ារ៉ុកដើម្បីជួយក្នុងការសង្គ្រោះគ្រោះមហន្តរាយ បន្ទាប់ពីទទួលបានសំណើផ្លូវការសុំជំនួយ។ បច្ចុប្បន្នក្រុមទាំងនេះកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកនៅរស់រានមានជីវិត។ ប្រជាជនម៉ារ៉ុកជាច្រើនថែមទាំងប្រើដៃទទេជីកគំនរបាក់បែកក្នុងក្តីសង្ឃឹមក្នុងការស្វែងរកសាច់ញាតិដែលនៅរស់។
ទន្ទឹមនឹងនោះ អ្នករស់រានមានជីវិតពីគ្រោះមហន្តរាយក៏កំពុងប្រឈមមុខនឹងការលំបាកជាច្រើន ដូចជាត្រូវស្វែងរកទីជម្រកបណ្តោះអាសន្ន និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាដើម។ នៅក្នុងព័ត៌មាននាល្ងាចថ្ងៃទី 10 ខែកញ្ញា ទូរទស្សន៍រដ្ឋម៉ារ៉ុកបាននិយាយថា អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីជាច្រើនត្រូវដេកនៅខាងក្រៅអស់រយៈពេល 3 យប់ ដោយសារផ្ទះរបស់ពួកគេត្រូវបានបំផ្លាញឬខូចខាត។
រហូតមកដល់ចំណុចនេះ មានរបាយការណ៍អំពីការខូចខាតដល់ទីកន្លែងវប្បធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសម៉ារ៉ុក។ ទីក្រុងបុរាណ Marrakech ដែលជាកន្លែងទទួលស្គាល់ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ជាតំបន់បេតិកភណ្ឌពិភពលោកត្រូវបានបំផ្លាញចោល។ ការរញ្ជួយដីក៏បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់វិហារអ៊ិស្លាម Tinmel សតវត្សទី 12 ផងដែរ។ វិហារអ៊ិស្លាមនេះមានទីតាំងនៅជិតចំណុចកណ្តាលនៃការរញ្ជួយដី៕ ដោយធីរីណា
រូបថត: TTXVN-VNA