ខេត្តក្រចេះ៖ ក្មេងទំនើងដែលចូលចិត្តដេីរលេងយប់កណ្ដាលអធ្រាត្រ២៦នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រចេះ និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រគរឃាត់យកមកធ្វើការអប់រំនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០១និង៥០នាទី រំលងអធ្រាត្រ។
បើយោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើងទាំង២៦នាក់ក្នុងនោះមានក្មេងស្រី១២នាក់ លោក អេង ហឿន អធិការនគរបាលក្រុងក្រចេះបានប្រាប់ នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះថា ក្រុមក្មេងទាំងនោះតែងតែដើរលេងយប់ជ្រៅ រហូតដល់ម៉ោង៣ ម៉ោង៤ទៀបភ្លឺ អត់ចូលផ្ទះទេ ហើយពួកគាត់នេះគឺជាមុខសញ្ញាដដែលៗ អាចថាជាក្មេងសិស្សសាលាដែលមកពីឆ្ងាយ មកស្នាក់នៅបន្ទប់ជួលដែលឪពុកម្ដាយអត់ដឹង។
លោកបន្តថា ក្មេងទំនើងទាំង២៦នាក់នេះ សមត្ថកិច្ចគ្រាន់តែហៅមកធ្វើការអប់រំ ដើម្បីឱ្យអាណាព្យាបាលរបស់ពួកគាត់បានដឹង ហើយបន្ទាប់ពីធ្វើការអប់រំរួច ក្មេងៗទាំងនោះត្រូវបានប្រគល់ជូនឪពុកម្ដាយឬអាណាព្យាបាលយកទៅអប់រំបន្តនៅលំនៅឋានវិញ។
លោក អេង ហឿន បានបន្តថា កន្លងមកសមត្ថកិច្ចតែងតែបង្ក្រាបជាហូរហែតែជាករណីតូចៗ ប៉ុន្តែលើកនេះជាករណីធំ ដោយបានសហការជាមួយប៉ុស្តិ៍រដ្ឋបាល។
លោកថា កងកម្លាំងនៅតែដាក់គោលដៅបង្ក្រាបរហូតឱ្យតែពាក់ព័ន្ធនឹងមុខសញ្ញា គឺកងកម្លាំងនិងធ្វើការបង្ក្រាបទាំងអស់ មិនថាជាមុខសញ្ញាអ្វីនោះទេ៕ដោយ៖សុរិយា