ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៦៖ តាមរយៈកិច្ចគាំទ្ររបស់ខ្លួនដល់អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា (ECCC) ដែលគ្រប់គ្រងដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) កន្លងមកកាលពីខែ ឧសភា ឆ្នាំ ២០១៦ សហភាពអឺរ៉ុបបានផ្ដល់ជំនួយឥតសំណងរបស់ខ្លួនដល់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹង និងការអប់រំអំ ពីប្រវត្តិសាស្រ្តខ្មែរក្រហម។
លោក ចច អេដហ្គា (George EDGAR) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «ខ្ញុំមានក្ដីសោមនស្សរីករាយដោយសហភាពអឺរ៉ុបដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា អាចគាំទ្រដល់អង្គការសង្គមស៊ីវិលនានាដែលធ្វើការលើផ្នែកចងក្រងឯកសារ ការអប់រំ និងការយល់ដឹងអំពីប្រវត្តិសាស្រ្តថ្មីៗរបស់ប្រទេសកម្ពុជា»។
លោកឯកអគ្គរដ្ឋទូតក៏បានបន្ថែមទៀតថា «ជំនួយឥតសំណងទាំងនេះគឺជាការរួមចំណែកដ៏សំខាន់មួយដែលមិនត្រឹមតែសម្រាប់ការខិតខំតស៊ូរបស់ប្រទេសកម្ពុជាដើម្បីការផ្សះផ្សារ និងយុត្តិធម៌នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការអប់រំយុវជនជំនាន់ក្រោយរបស់ប្រទេសកម្ពុជាផងដែរ។ ការលើកទឹកចិត្ត និងការពង្រឹងការចងចាំអំពីប្រវត្តិសាស្រ្តក្នុងចំណោមប្រជាជនទាំងមូល ក៏ដូចជាបុគ្គលម្នាក់ៗមានន័យថាជាការបង្កើនចំណេះដឹង និងការយល់ដឹងអំពីសារសំខាន់នៃការគោរពសិទ្ធិមនុស្ស។ ខ្ញុំសង្ឃឹមថា កិច្ចការដែលយើងកំពុងឧបត្ថម្ភមូលនិធិនឹងលើកទឹកចិត្តដល់វប្បធម៌សន្ទនា និងការពិភាក្សាប្រកបដោយការស្ថាបនាដែលឆ្លុះបញ្ចាំងទៅលើអត្ថន័យនៃពាក្យយុត្តិធម៌ និងការផ្សះផ្សារផងដែរ»។
អង្គការចំនួនបីដែលនឹងអនុវត្តជំនួយឥតសំណងដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ
យុវជន និងកីឡា រួមមានដូចខាងក្រោម៖
មជ្ឈមណ្ឌបុប្ផាណា ទទួលបានទឹកប្រាក់ចំនួន ៣៣៥,០០០ អឺរ៉ូ (៣៧៦,០០២ ដុល្លារអាមេរិក) ដើម្បីជំរុញការអប់រំ និងសកម្មភាពពហុផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ត និងអារ្យធម៌របស់ប្រទេសកម្ពុជា។ គម្រោងនឹងចូលរួមចំណែកដល់ការអភិវឌ្ឍកម្មវិធីពហុផ្សព្វផ្សាយបែបអប់រំដែលនឹងត្រូវប្រើប្រាស់ជាឧបករណ៍នៅតាមវិទ្យាល័យ និងសកលវិទ្យាល័យ ដោយជួយសម្រួលដល់កិច្ចការរបស់គ្រូបង្រៀននៅតាមថ្នាក់រៀន ហើយក៏អាចឲ្យសិស្សសិក្សាអំពីប្រវត្តិសាស្រ្តដោយប្រើប្រាស់ឧបករណ៍ទំនើបៗផងដែរ។
មជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលទឹកប្រាក់ចំនួន ១៤៥,៦០០ អឺរ៉ូ (១៦៣,៤០៩ ដុល្លារអាមេរិក) ដើម្បីបន្តការងារដ៏យូរអង្វែងរបស់ខ្លួននៅក្នុងការបន្តការចងចាំ ការស្វែងរកយុត្តិធម៌ និងការផ្សះផ្សារតាមរយៈការ ដាក់បញ្ចូលប្រវត្តិសម័យកម្ពុជាប្រជាធិបតេយ្យ ទៅក្នុងកម្មវិធីសិក្សាតាមសាលាក្នុងប្រទេសកម្ពុជា។ គម្រោងនឹងផ្ដល់មូលនិធិដល់ការបណ្ដុះបណ្ដាលគ្រូបង្រៀននៅកម្រិតសហគមន៍ និងរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលសម្រាប់សាស្រ្តាចារ្យថ្នាក់សកលវិទ្យាល័យផងដែរ។
ផ្ទះមេត្តា – មជ្ឈមណ្ឌល Goethe រាជធានីភ្នំពេញ ទទួលបានទឹកប្រាក់ចំនួន ២៤៤,១០០អឺរ៉ូ (២៧៣,៩៥២ ដុល្លារអាមេរិក) និងរួមជាមួយនឹងសមាគមវប្បធម៌កម្ពុជា-អាល្លឺម៉ង់ នឹងអនុវត្តគម្រោងពហុផ្សព្វផ្សាយមួយដោយប្រើប្រាស់បរិក្ខារឧបទ្ទេសអប់រំផ្សេងៗគ្នា រួមទាំងការសម្ដែង ពិព័រណ៍ចល័ត ការប្រឡងគូររូប ការបញ្ចាំងខ្សែភាពយន្ត និងការពិភាក្សាអន្តរជំនាន់ជាមួយនឹងអ្នករស់រានមានជីវិតនៅក្នុងរបបខ្មែរក្រហមផងដែរ។
គម្រោងទាំងអស់នេះនឹងជួយគាំទ្រទៅដល់ដំណើរឆ្ពោះទៅរកភាពយុត្តិធម៌ នៃអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ចំណែកឯអង្គការទាំងបីនឹងសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី (LCLS) និងអង្គភាពគាំពារជនរងគ្រោះ (VSS) នៃអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា។
ដោយឡែកលោក ទន់ សូណារិន អ្នកចាត់ការទូទៅសមាគមវប្បធម៌កម្ពុជា-អាល្លឺម៉ង់បានមានប្រសាសន៍ថា គម្រោង «អណ្តើកក្លាហាន» គឺជាកម្មវិធីដែលមានផលិតនូវល្ខោននិយាយមានលក្ខណៈអប់រំនៅតាមសាលារៀនមួយចំនួនក្នុងប្រទេសកម្ពុជាក្នុងគោលបំណងទី១៖គឺឲ្យក្មេងៗជំនាន់ក្រោយបានយល់ដឹងពីរបបខ្មែរក្រហមហើយឲ្យក្មេងៗយល់ដឹងពីអតីតកាលរបស់ចាស់ៗថាតើវាយ៉ាងម៉េចហើយទប់ស្កាត់កុំឲ្យមានរឿងអាក្រក់នោះកើតឡើងម្តងទៀត។
ជាមួយគ្នានោះវាក៏ជាប្រយោជន៍ដល់លោកអុំ ពូ មីង ដែលជាដើមបណ្តឹងសាលាក្តីខ្មែរក្រហមដើម្បីឲ្យពួកគាត់បញ្ចេញនូវការឈឺចាប់នៅក្នុងរបបខ្មែរក្រហមបា្រប់ដល់ក្មេងៗជំនាន់ក្រោយនិងផ្តាំផ្ញើដល់ក្មេងៗធ្វើយ៉ាងម៉េចកុំឲ្យរបបខ្មៅងងឹតនោះកើតឡើងម្តងទៀត។
លោកបានពីដំណើរការគម្រោងថា គម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅដើមខែសីហា ឆ្នាំ២០១៦ ខាងមុខនេះរហូតដល់ចុងឆ្នាំ២០១៧ ដែលមានរយៈពេល១៧ខែ។ ខេត្តដែលយើងចាប់ផ្តើមអនុវត្តគម្រោងគឺខេត្តដែលនៅជិតរាជធានីភ្នំពេញមុនសិនមានដូចជាខេត្ត កំពង់ចាមកំពង់ឆ្នាំង កំពង់ស្ពឺនិងខេត្តតាកែវ ហើយគម្រោងនេះនឹងគ្របដណ្តប់នៅទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖ ស ដារ៉ា