ម្ចាស់ក្រុមហ៊ុន ប្ដឹងអតីតមន្ត្រីពន្ធដារខណ្ឌសែនសុខម្នាក់ ពីបទឆបោក លុយជាង៣០.០០០ដុល្លារ ប៉ុន្តែអង្គភាពបណ្តេញចេញប្រមាណជា៣ឆ្នាំហើយ

ចែករំលែក៖

ភ្នំពេញ ៖ ស្ដ្រីម្នាក់បានប្ដឹងលោក រស់ សុមេធ អតីតជាមន្ត្រីសាខាពន្ធដារខណ្ឌសែនសុខ ទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពីបទ”ឆបោកប្រាក់”។

ដោយស្ត្រីរូបនោះ អះអាងថាៈ លោក រស់ សុមេធ បានធានាម៉ៅការ ទទួលប្រាក់ពីខ្លួនជាង៣០.០០០ដុល្លារ យកទៅជួយរៀបចំឯកសារដើម្បីបង់ពន្ធជូនរដ្ឋ ខណៈគាត់ជាប់ពន្ធលើទឹកប្រាក់ជាង៥០.០០០ដុល្លារ ។

ទោះជាមានការលើកឡើងបែបនេះក៏ដោយ គេមិនបានដឹងថា, ការប្រគល់ប្រាក់នេះមានលិខិតស្នាម ដែលឬទេ

ប៉ុន្តែស្ត្រីរងគ្រោះ បញ្ជាក់ថា, ក្រោយប្រគល់ប្រាក់ដល់ដៃហើយ បែរជាលោក រស់ សុមេធ មានចេនាមិនល្អ គេចវេះលើកពេលរហូត និងផ្ដាច់ទំនាក់ទំនង ទើបឈានដល់ប្ដឹងទៅតុលាការ ដើម្បីទាមទារប្រាក់មកវិញ ប្រមូលបង់ពន្ធជូនរដ្ឋ។

សូមជម្រាបថាៈ ដើមបណ្ដឹងក្នុងរឿងរ៉ាវនេះឈ្មោះ យូ គាវ ភេទស្រីអាយុ៦០ឆ្នាំ នៅភូមិកណ្ដោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ជាម្ចាស់ក្រុមហ៊ុន សាន់ ហ្វីត (ខេមបូឌា)។
រីឯបុគ្គលដែលរងការចោទប្រកាន់គឺលោក រស់ សុមេធ អតីតជាមន្ត្រីសាខាពន្ធដារខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទាក់ទិននិងបញ្ហានេះ ក្រុមគ្រួសារលោកស្រី យូ គាវ បានអះអាងប្រាប់អ្នកសារព័ត៌មានថាៈ ដើមចមដំបូងក្រុមហ៊ុន សាន់ ហ្វីត(ខេមបូឌា)របស់ខ្លួន បានរកស៊ីខាត និងជំពាក់ប្រាក់រដ្ឋ ចំនួន៥០.៧៥៧ ដុល្លារ។

ទន្ទឹមនិងនោះ ស្រាប់តែលេចមុខ លោក រស់ សុមេធ មកអះអាងថាៈ រូបលោកជាមន្ត្រីពន្ធដារស្រាប់ ខ្លួន
ស្គាល់គេឯងច្រើន និងធានារៀបចំឯកសារបែបបទផ្សេងៗ ក្នុងការបង្វែរពីបង់ពន្ធអស់ច្រើនមកតិច សម្រាប់រត់ការបង់លុយផ្ដាច់ទាំងអស់ ដែលក្រុមហ៊ុនសាន់ ហ្វីត (ខេមបូឌា)បានជំពាក់រដ្ឋចំនួន៥០.៧៥៧ដុល្លារ ដោយចំណាយត្រឹមតែ ៣៤.២៥៦ដុល្លារប៉ុណ្ណោះ និងចប់សព្វគ្រប់។ ប៉ុន្តែសុទ្ធតែជាចេតនាទុច្ចរិតទាំងអស់ គឺសុីលុយដាច់ ។

ដោយជឿតាមការអះអាងនិងបញ្ចុះបញ្ចូលពីសំណាក់លោក រស់ សុមេធ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨
លោកស្រី យូ គាវ ម្ចាស់ក្រុមហ៊ុន សាន់ ហ្វីត(ខេមបូឌា) បានប្រគល់ប្រាក់ចំនួន ៣៤.២៥៦ដុល្លារ ឱ្យទៅលោក រស់ សុមេធ អតីតមន្ត្រីសាខាពន្ធដារខណ្ឌសែនសុខ តាមការព្រមព្រៀងនិងនិយាយគ្នា។

ប្រភពដដែលបន្តថាៈ ព្រោះការជឿទុកចិត្តពេក ទើបការប្រគល់ប្រាក់ឱ្យលោក រស់ សុមេធ ពីសំណាក់លោកស្រី យូ គាវ នៅពេលនោះ ពុំបានធ្វើលិខិតទទួល ឬវិក្កិយបត្របញ្ជាក់នោះទេ។
ដោយគ្រាន់តែ ធ្វើជាលិខិតទទួលឯកសារទុក សម្រាប់ផ្ទៀងផ្ទាត់ ដោះស្រាយបញ្ហាបង់ពន្ធចូលរដ្ឋប៉ុណ្ណោះ ។
ពោលគឺ ភាគីទាំងសងខាង ចាត់ទុកការរត់ការនេះ ជារឿងសម្ងាត់ ដែលត្រូវលាក់បាំង ទើបមិនសរសេរបញ្ជាក់ ពីការប្រគល់-ទទួលប្រាក់ក្នុងលិខិត។

បន្ទាប់ពីប្រគល់ប្រាក់ឱ្យ លោក រស់ សុមេធ ហើយនោះ លោកស្រី យូ គាវ នឹកស្មានថាៈ ចប់រឿងរ៉ាវអស់ហើយ ព្រោះរត់ការបង់ពន្ធរួច។
មិនដូច្នេះអី លុះដល់កំឡុង ខែវិច្ឆិកា ឆ្នាំ២០១៨ ស្រាប់តែអគ្គនាយកដ្ឋានពន្ធដារ បានជូនដំណឹងឱ្យក្រុមហ៊ុនខ្លួនបំពេញកាតព្វកិច្ច ចូលបង់ពន្ធ។
ទើបដឹងថា, លោក រស់ សុមេធ ពុំទាន់ចាត់ចែងបង់ពន្ធនោះទេ ហើយក៏ទាក់ទងសួរនាំជាបន្តបន្ទាប់។

ជាមួយគ្នានោះ លោក រស់ សុមេធ តែងតែពន្យា និងលើកពេលពីមួយខែ ទៅមួយខែ ពី១ឆ្នាំទៅ១ឆ្នាំ ម្ដងថ្ងៃនេះម្ដងថ្ងៃនោះមិនចប់មិនហើយ។
រហូតដល់កំឡុង ដើមឆ្នាំ២០២៣ ស្រាប់តែលោក រស់ សុមេធ គេចវេះផ្ដាច់ទំនាក់ទំនង ប្លុកលេខ លុបTelegram ទាក់ទងលែងបាន។

ជាវិធីទាល់ច្រកលោកស្រី យូ គាវ បានប្ដឹងលោក រស់ សុមេធ ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទៈ ឆបោកលុយជាង៣០.០០០ដុល្លារតែម្ដងទៅ។

ពាក់ព័ន្ធបណ្ដឹងមួយនេះ ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ បានកោះហៅលោក រស់ សុមេធ ឱ្យចូលបំភ្លឺ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែសាម៉ីខ្លួន ពុំមានវត្តមានចូលបំភ្លឺនោះឡើយ!។

រាល់ការចោទប្រកាន់ខាងលើ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត “បានព្យាយាមសុំការបកស្រាយពីលោក រស់ សុមេធ អតីតមន្ត្រីសាខាពន្ធដារខណ្ឌសែនសុខ តាមរយៈលេខ 017534546និងលេខ 069534546 ប៉ុន្តែមិនអាចទាក់ទងបានទេ មួយខ្សែក្រៅតំបន់សេវា មួយខ្សែទៀត ថាលេខពុំត្រឹត្រូវ អាចបុគ្គលរូបនេះ ប្តូរលេខទូរស័ព្ទ ។
ករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត “រង់ចាំការបកស្រាបពីសាម៉ីខ្លួន ដែលរងការចោទប្រកាន់រៀងរាល់ម៉ោងរដ្ឋបាលធ្វើការ បើសិនមានហេតុផលណាមួយច្បាស់លាស់។

ពាក់ព័ន្ធក្នុងករណីខាងលើនេះ ! ទោះជាអង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត” មិនអាចទំនាក់ទំនងទៅកាន់អតីតមន្ត្រីពន្ធដាររូបនេះក៏ដោយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ឲ្យដឹងថា, បុគ្គលឈ្មោះ រស់ សុមេធ ពីមុនធ្លាប់ជាមន្ត្រីពន្ធដារនៅខណ្ឌសែនសុខ ប៉ុន្តែត្រូវបានអង្គភាពលុបឈ្មោះ និងបណ្ដេញចេញពីអង្គភាព ប្រមាណជា៣ ឆ្នាំទៅហើយ ដោយសារបុគ្គលរូបនេះ បំពេញការងាររបស់ខ្លួន មិនអនុវត្តតាមតួនាទីភារកិច្ច ក្នុងនាមជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈ ។ មន្ត្រីដដែលបានបញ្ជាក់ថា, ខាងអង្គភាព អគ្គនាយកដ្ឋានពន្ធដារ កន្លងទៅក៏ធ្លាប់ចេញលិខិត បញ្ជាក់ជូនទៅតុលាការ បន្ទាប់ពីមានបណ្ដឹង ទៅលើឈ្មោះបុគ្គលរូបនេះ ។ ដូច្នេះកុំថាឡើយតែមានជនរងគ្រោះ

បានប្ដឹងទាមទារប្រាក់កាស សូម្បីតែខាងអង្គភាពពន្ធដារ បណ្ដេញចេញពីក្របខណ្ឌហើយ ក៏ត្រូវការរកឈ្មោះ រស់ សុមេធ ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print