កម្ពុជា​ មានតំបន់សេដ្ឋកិច្ចពិសេសចំនួ​ន​ ២៤កំពុងដំណើរការជាមួយនឹងទុនជាង៨ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ​គិត​ចាប់​តាំងពី​ឆ្នាំ២០០៦ ដល់​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​ ២០២៣នេះ ​ប្រទេស​កម្ពុ​ជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរការ​ចំនួន២៤ ជាមួយនឹង​ទុនវិនិយោគ​ជាង៨​ ពាន់​លាន​ដុល្លារ។ សកម្មភាព​ចម្បង​នៃតំបន់សេដ្ឋកិច្ច ​ផ្តោតលើផលិតកម្ម​ នៃ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង សម្ភារ​ធ្វើ​ដំ​ណើ​រ វិស័យ​គ្រឿង​បង្គុំ​រថយន្ត គ្រឿង​អេឡិចត្រូនិក​ រោងចក្រ​ផលិត​សម្បក​កង់ ឧស្សាហកម្ម​ដំឡើង​រថយន្ត និង​កង់​។​ នេះបេីយោង​​របាយការណ៍​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

របាយការណ៍​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានគូសបញ្ជាក់ថា​ ​ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២៤ គឺ​មាន​រោង​​ចក្រ​/​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​រហូតដល់ ​៦៥៥​ គម្រោង ដែល​ស្មើ​ទុន​វិនិយោគ​ប្រមាណ ៨,១​ ពាន់​លាន​ដុល្លារ​។ ការនាំចេញ​ចាប់ពី​ឆ្នាំ ​២០១១ រហូតដល់​ខែមិថុនា ​ឆ្នាំ​ ២០២៣ មាន​ប្រមាណ ២៥,៧​ ពាន់​លាន​ដុល្លារ ​និងបង្កើត​ការងារ​បាន ១៧៤ ​ពាន់​កន្លែង​។

បើតាមការលើកឡើងរបស់លោក ជា វុទ្ធី អគ្គលេខាធិការ CDC ​​ក្នុង​វេទិកា​មួយ​កាល​ពីពេលថ្មីៗនេះ​ថា ចាប់​តាំងពី​រដ្ឋាភិបាល​កម្ពុជា​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​តាក់តែង​បទប្បញ្ញត្តិ និង​ច្បាប់ តាំងពី​ឆ្នាំ​ ២០០៥​ មកគិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២៣ កម្ពុ​ជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរការ​ចំនួន ២៤​។​

លោកអគ្គលេខាធិការ CDC ​បានបន្តថា តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា ការ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម និង​ការ​ធ្វើ​ពិពិធកម្ម​ប្រភព​ទុន​វិនិយោគ​ពី​ប្រទេស​នានា​។ វិស័យ​ផលិតកម្ម​សំលៀកបំពាក់ ស្បែកជើង​ និង​សម្ភារ​ធ្វើដំណើរ ​មាន​ប្រមាណ​ជាង ៩០ ​ភាគរយ​ដែល​បាន​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

ជាមួយគ្នានេះ​ របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក៏បានបង្ហាញថា ​គិត​ត្រឹម​ចុងឆ្នាំ ​២០២១ ​ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប ៤១ ​ពាន់​លាន​ដុល្លារ ​កើនឡើង ១១,២​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២០​។

...

គួរបញ្ជាក់ថា​ ក្នុងនោះ​វិស័យ​ហិរញ្ញវត្ថុ ៩,៤​ ពាន់​លាន​ដុល្លារ ស្មើ ២២,៩​ ភាគរយ​, កម្មន្តសាល​ ៨,៥​ ពាន់​លាន​ដុល្លារ ស្មើ ២០,៨​ ភាគ​រយ​, អចលនទ្រព្យ ៤,៩ ​ពាន់​លាន​ដុ​ល្លារ ស្មើ ១២​ ភាគរយ​, សណ្ឋាគារ ​និង​ភោជនីយដ្ឋាន ៤,៤​ ពាន់​លាន​ដុល្លារ ស្មើ ១០,៧ ​ភាគរយ​, កសិកម្ម​ ៤,២​ លាន​ដុល្លារ ស្មើ ១០,៣​ ភាគរយ​, អគ្គិសនី ២,៦ ​ពាន់​លាន​ដុល្លារ ស្មើ ៦,២ ​ភាគរយ​, ​សំណង់ ១,៦ ​ពាន់​លាន​ដុល្លារ ស្មើ​ ៤,១​ ភាគរយ ​និង​ផ្នែក​ផ្សេងៗ ៥,៣ ​ពាន់​លាន​ដុល្លារ ស្មើនឹង ១៣​ ភាគរយ​៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print