ភ្នំពេញ៖ គិតចាប់តាំងពីឆ្នាំ២០០៦ ដល់ដំណាច់ឆមាសទី១ ឆ្នាំ ២០២៣នេះ ប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន២៤ ជាមួយនឹងទុនវិនិយោគជាង៨ ពាន់លានដុល្លារ។ សកម្មភាពចម្បងនៃតំបន់សេដ្ឋកិច្ច ផ្តោតលើផលិតកម្ម នៃវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ វិស័យគ្រឿងបង្គុំរថយន្ត គ្រឿងអេឡិចត្រូនិក រោងចក្រផលិតសម្បកកង់ ឧស្សាហកម្មដំឡើងរថយន្ត និងកង់។ នេះបេីយោងរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង ២៤ គឺមានរោងចក្រ/ក្រុមហ៊ុនដែលចុះបញ្ជីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះរហូតដល់ ៦៥៥ គម្រោង ដែលស្មើទុនវិនិយោគប្រមាណ ៨,១ ពាន់លានដុល្លារ។ ការនាំចេញចាប់ពីឆ្នាំ ២០១១ រហូតដល់ខែមិថុនា ឆ្នាំ ២០២៣ មានប្រមាណ ២៥,៧ ពាន់លានដុល្លារ និងបង្កើតការងារបាន ១៧៤ ពាន់កន្លែង។
បើតាមការលើកឡើងរបស់លោក ជា វុទ្ធី អគ្គលេខាធិការ CDC ក្នុងវេទិកាមួយកាលពីពេលថ្មីៗនេះថា ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាផ្ដួចផ្ដើមឱ្យមានការតាក់តែងបទប្បញ្ញត្តិ និងច្បាប់ តាំងពីឆ្នាំ ២០០៥ មកគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ២៤។
លោកអគ្គលេខាធិការ CDC បានបន្តថា តំបន់សេដ្ឋកិច្ចពិសេសបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ការធ្វើពិពិធកម្មឧស្សាហកម្ម និងការធ្វើពិពិធកម្មប្រភពទុនវិនិយោគពីប្រទេសនានា។ វិស័យផលិតកម្មសំលៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ មានប្រមាណជាង ៩០ ភាគរយដែលបានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ជាមួយគ្នានេះ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញថា គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារ កើនឡើង ១១,២ ភាគរយបើធៀបឆ្នាំ ២០២០។
គួរបញ្ជាក់ថា ក្នុងនោះវិស័យហិរញ្ញវត្ថុ ៩,៤ ពាន់លានដុល្លារ ស្មើ ២២,៩ ភាគរយ, កម្មន្តសាល ៨,៥ ពាន់លានដុល្លារ ស្មើ ២០,៨ ភាគរយ, អចលនទ្រព្យ ៤,៩ ពាន់លានដុល្លារ ស្មើ ១២ ភាគរយ, សណ្ឋាគារ និងភោជនីយដ្ឋាន ៤,៤ ពាន់លានដុល្លារ ស្មើ ១០,៧ ភាគរយ, កសិកម្ម ៤,២ លានដុល្លារ ស្មើ ១០,៣ ភាគរយ, អគ្គិសនី ២,៦ ពាន់លានដុល្លារ ស្មើ ៦,២ ភាគរយ, សំណង់ ១,៦ ពាន់លានដុល្លារ ស្មើ ៤,១ ភាគរយ និងផ្នែកផ្សេងៗ ៥,៣ ពាន់លានដុល្លារ ស្មើនឹង ១៣ ភាគរយ៕ដោយ៖សហការី