ភ្នំពេញ៖ ទីតាំងបនល្បែងបញ្ជល់មាន់ ល្បែងអាប៉ោងតាមអនឡាញ និងលេងបៀស្ទើរគ្រប់ប្រភេទដ៏ធំមួយកន្លែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះឆ្មក់បង្ក្រាបនិងឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់ (ស្រីម្នាក់) និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសល្បែងស៊ីសងមួយចំនួន ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសចោរកម្មផ្សេងៗ ដូចជា អំពើលួច ឆក់ ប្លន់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងមហាផ្ទៃរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ថា ប្រតិបត្តិការលបឆ្មក់បង្ក្រាបទីតាំងបនល្បែងបញ្ជល់មាន់ ល្បែងអាប៉ោងតាមអនឡាញ និងលេងបៀស្ទើរគ្រប់ប្រភេទដ៏ធំមួយកន្លែង រហូតឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់នេះ គឺបានអនុវត្តឡើងដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយក៏មានការជំរុញបន្ថែមពីស្នងការរងទទួលផែនការងារ ក្រោមការសម្របសម្រួលផ្នែកនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
លោកវរសេនីយ៍ទោ ម៉ម សាវន បានបញ្ជាក់ទៀតថា បន្ទាប់ពីបង្ក្រាបនិងបញ្ចប់ប្រតិបត្តិការក្នុងការបិទទីតាំងបនល្បែងបញ្ជល់មាន់ អាប៉ោងតាមអនឡាញ និងលេងបៀស្ទើរគ្រប់ប្រភេទនេះដែរ សម្រាប់ជនសង្ស័យ ដែលជាអ្នកញៀនល្បែងទាំង៩នាក់ និងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន ត្រូវបានបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំកសាងសំណុំរឿងក្នុងការបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ដោយ៖ រ៉ារ៉ា