ខេត្តកំពង់ធំ÷ ហេតុការណ៍កូនសេកប៉ុនប៉ងសំលាប់ព្រះសង្ឃកើតឡើង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២.០០នាទី អាធ្រាត មានករណី ហិង្សាដោយ ចេតនា (មានស្ថានទំងន់ទោស) នៅចំណុចវត្តស្ពឺជើងបង្កឡើងដោយជនសង្ស័យឈ្មោះ មី ម៉ៃ ភេទប្រុស ជាកូនសេកលោក អាយុ ២០ឆ្នាំស្នាក់ក្នុងវត្តស្ពឺជើង ក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនសង្ស័យឈ្មោះ មី ម៉ៃ មានស្រុកកំណើតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បានកាប់នឹងកាំបិតទៅលើជនរងគ្រោះឈ្មោះ ផាន សុភាក់ ភេទប្រុស ជាព្រះសង្ឃដែលមានព្រះជន្ម៣២ឆ្នាំ គង់នៅក្នុងវត្តស្ពឺជើងភូមិម្សាក្រងជើងឃុំម្សាក្រង ស្រុកស្ទោងខេត្តកំពង់ធំ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ដោយកាប់ត្រូវ០៤កន្លែងត្រូវចាំកញ្ចឹងក២កាំបិត ដៃ១កាំបិត និងកំភួនជើង១កាំបិតផងដែរ។
មូលហេតុ គឺជនសង្ស័យមានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះទើបបណ្តាលអោយកើតហិង្សាតែម្តង ហើយហិង្សាករណីនេះដែរ សមត្ថកិច្ចចុះទៅដល់កន្លែងកើត ហេតុហើយពិនិត្យស្លាកស្នាមបញ្ចូនជនរងគ្រោះសង្គ្រោះ និងទៅព្យាបាលមន្ទីរពេទ្យមន្ទីរពេទ្យបង្អែកស្ទោង។
ក្នុងករណីនេះដែរលោកវរសេនីយ៍ទោ ជឹម រីណា អធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានអញ្ជើញដឹកនាំកម្លាំងអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបាន ឱ្យដឹងថា ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនបាត់ សមត្ថកិច្ចយើងកំពុងតាមរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕ដោយ៖សុរិយា