ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមកីឡាបាល់ទាត់ក្រសួង ការពារជាតិត្រូវជួបប្រកួតជាមួយក្រុម ព្រះខ័នរាជ្យស្វាយរៀងនៅវគ្គផ្ដាច់ព្រ័ត្រ ដណ្តើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣រវាងក្រុមស៊ីម៉ាក់នឹងក្រុមភ្នំពេញក្រោននាវេលាម៉ោង៣និង៣០នាទីរសៀលរួចមកនៅលើទីលានពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ។
មុននឹងឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះក្រុមក្រសួងការពារជាតិបានយកឈ្នះក្រុមស៊ីម៉ាក់ ៣-០ ក្នុងពាក់កណ្តាលផ្តាច់ ព្រ័ត្រចំណែកឯក្រុមព្រះខ័នរាជ្យស្វាយ រៀងបានយកឈ្នះលើក្រុមភ្នំពេញក្រោន ៣-២ ដោយបាល់ប៉េណាល់ទី ។ ជ័យជម្នះ របស់ក្រុមព្រះខ័នរាជ្យស្វាយរៀងលើក្រុមភ្នំពេញក្រោនបានធ្វើឲ្យភ្នំពេញក្រោនធ្លាក់មកប្រកួតយកចំណាត់ថ្នាក់លេខ៣ជាមួយក្រុមស៊ីម៉ាក់វីញ។ ប៉ុន្តែទោះបីយ៉ាងណាក្រុមចំណូលថ្មីស៊ីម៉ាក់ហាក់បានបង្ហាញពីក្តី សង្ឃឹមក្នុងការយកឈ្នះដៃគូរបស់ខ្លួនមុនពេលប្រកួត ។
គួររំលឹកថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចតេជោហ៊ុន សែន វគ្គបញ្ចប់រវាងក្រុមព្រះខ័នរាជ្យស្វាយរៀងនឹងក្រុមក្រសួងការពារជាតិ ចាប់ផ្តើមពីវេលាម៉ោង ៧យប់នៅទីលានពហុកីឡដ្ឋានជាតិដោយមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV ផងដែរ ៕
ដោយ៖ សារីម