ខេត្តតាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះបានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ។
តាមការអោយដឹងពីលោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិតដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាសចំនួន១៨។ រោងចក្រ សហគ្រាសទាំង១៨នេះ មានរោងចក្រកាត់ដេរចំនួន១៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន២, ដេរស្បែកជើងចំនួន២ និងរោងចក្របោកគក់សម្លៀកបំពាក់ចំនួន១។ក្នុងចំណោមកម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះសំណាលនោះ មានកម្មការិនីមានផ្ទៃពោះចំនួន ៦៩៤នាក់ផងដែរ។
សម្ដេចអធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយដែលបានជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅខេត្តតាកែវនាថ្ងៃនេះ។សម្ដេចក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជូនចំពោះបងប្អូនកម្មករកម្មការិនីនាថ្ងៃនេះផងដែរ។ សម្តចធិបតីក៏បានអរគុណអ្នកខេត្តតាកែវ ដែលចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអត្រាខ្ពស់រហូត៨៦.៦%។ អត្រាបោះឆ្នោតនេះ បានបង្ហាញថា ប្រជាពលរដ្ឋគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរចំពោះប្រាសាទកោះកេរដែលដូនតាខ្មែរសាងសង់កាលពីជាង១ពាន់ឆ្នាំមុន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។សម្តេចធិបានអំពាវនាវប្រជាពលរដ្ឋចូលរួមក្នុងពីធីអបអរសាទរចំពោះព្រឹត្តិការណ៍ ដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីលើកតម្កើងស្មារតីជាតិនិយម។សម្តេចធិបតី ក៏បានអំពាវនាវនៅតាមបណ្តាខេត្តនានា ដាក់បញ្ចាំងស្លាយជូនប្រជាពលរដ្ឋបានទស្សនាពិធីអបអរសាទរនៃការដាក់ប្រាសាទកោះកេរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ស្អែកនេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមមិនត្រឹមតែនាំឱ្យប្រជាពលរដ្ឋបែកបាក់គ្នានោះទេ សូម្បីសម្បត្តិដូនតាខ្មែរ ក៏ត្រូវបានប្រាត់ប្រាស់ឆ្ងាយពីប្រទេសជាតិដែរ។ តែសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋរួបរួមគ្នា ហើយព្រលឹងដូនក៏បានត្រឡប់មកកាន់ប្រទេសវិញដែរ។សុខសន្តិភាពមានសារៈសំខាន់លើសអ្វីទាំងអស់ គ្មានសន្តិភាពគ្មានការងារនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេចបានណែនាំឱ្យមានការអនុគ្រោះតម្លៃអគ្គិសនីជូនទៅរោងចក្រ សហគ្រាសផ្នែកឧស្សាហកម្ម និងកសិកម្មជាង ២ម៉ឺនរោងចក្រ សហគ្រាសចុងឆ្នាំ២០២៣នេះ។
សម្តេចធិបតីបន្តទៀតថា សម្តេចបានប្រឹងប្រែងទៅទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសមកហើយ ដូច្នេះថ្នាក់ដឹកនាំខេត្តនីមួយៗត្រូវប្រឹងប្រែងទាក់ទាញបន្តទៅតាមខេត្តរបស់ខ្លួន។ នយោបាយរបស់កម្ពុជាឈរលើនិរន្តភាព និងសង្គតិភាព ផ្អែកលើគោលនយោបាយមូលដ្ឋានអធិបតីភាព ឯករាជ្យ ផ្អែកលើច្បាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ប្រទេសសមាជិកអង្គការសហប្រជាជាតិ ១៨១ប្រទេស ប្រកាន់នយោបាយចិនតែមួយ មិនមែនតែកម្ពុជានោះទេ។ សម្តេចធិបតីបានថ្លែងថា មិនមែនតែកម្ពុជានោះទេ ដែលធ្វើពាណិជ្ជកម្មជាមួយចិន។ មានប្រទេសច្រើនណាស់ធ្វើពាណិជ្ជកម្មជាមួយចិន បើអាក្រក់គេមិនធ្វើពាណិជ្ជកម្មជាមួយចិននោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ប្រធានាធិបតីកូរ៉េខាងត្បូង និងហ្វលីពីន ក៏ដូចជាមេដឹកនាំប្រទេសដទៃទៀត ដោយសម្តេចបានបញ្ជាក់ដូចគ្នា គឺនឹងបន្តរក្សាទំនាក់ទំនងដែលធ្លាប់មានជាមួយគ្នា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យជឿទុកចិត្តចុះថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមិនធ្វើឱ្យបាត់បង់ប្រយោជន៍ប្រជាពលរដ្ឋ និងធិបតេយ្យជាតិនោះឡើយ៕ ដោយ៖ស តារា