Update៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តអញ្ជើញចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះបានបន្តចុះជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាស​​នានា​​ ក្នុងស្រុកបាទី ខេត្តតាកែវ។

តាមការអោយដឹងពីលោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិតដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាស​ចំនួន​១៨។ រោងចក្រ សហគ្រាសទាំង​១៨នេះ មានរោងចក្រកាត់ដេរចំនួន១៣, ផលិតផលធ្វើ​ដំណើរ និងកាបូបចំនួន២, ដេរស្បែកជើងចំនួន២ និងរោងចក្របោកគក់សម្លៀកបំពាក់ចំនួន១។ក្នុងចំណោមកម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះ​សំណាល​នោះ មានកម្មការិនីមានផ្ទៃពោះចំនួន ៦៩៤នាក់ផងដែរ។

សម្ដេចអធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយដែលបានជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅខេត្តតាកែវនាថ្ងៃនេះ។សម្ដេចក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជូនចំពោះបងប្អូនកម្មករកម្មការិនីនាថ្ងៃនេះផងដែរ។ សម្តចធិបតីក៏បានអរគុណអ្នកខេត្តតាកែវ ដែលចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអត្រាខ្ពស់រហូត៨៦.៦%។ អត្រាបោះឆ្នោតនេះ បានបង្ហាញថា ប្រជាពលរដ្ឋគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរចំពោះប្រាសាទកោះកេរដែលដូនតាខ្មែរ​សាងសង់កាលពីជាង១ពាន់ឆ្នាំមុន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។សម្តេចធិបានអំពាវនាវប្រជាពលរដ្ឋចូលរួមក្នុងពីធីអបអរសាទរចំពោះព្រឹត្តិការណ៍ ដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីលើកតម្កើងស្មារតីជាតិនិយម។សម្តេចធិបតី ក៏បានអំពាវនាវនៅតាមបណ្តាខេត្តនានា ដាក់បញ្ចាំងស្លាយជូន​ប្រជា​ពលរដ្ឋបានទស្សនាពិធីអបអរសាទរនៃការដាក់ប្រាសាទកោះកេរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ស្អែកនេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមមិនត្រឹមតែនាំឱ្យប្រជាពលរដ្ឋបែកបាក់គ្នានោះទេ សូម្បីសម្បត្តិដូនតាខ្មែរ ក៏ត្រូវបានប្រាត់ប្រាស់ឆ្ងាយពីប្រទេសជាតិដែរ។ តែសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋរួបរួមគ្នា ហើយព្រលឹងដូនក៏បានត្រឡប់មកកាន់ប្រទេសវិញដែរ។សុខសន្តិភាពមានសារៈសំខាន់លើសអ្វីទាំងអស់ គ្មានសន្តិភាពគ្មានការងារនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេចបានណែនាំឱ្យមានការអនុគ្រោះតម្លៃអគ្គិសនីជូនទៅរោងចក្រ សហគ្រាសផ្នែកឧស្សាហកម្ម និងកសិកម្មជាង ២ម៉ឺនរោងចក្រ សហគ្រាសចុងឆ្នាំ២០២៣នេះ។

សម្តេចធិបតីបន្តទៀតថា សម្តេចបានប្រឹងប្រែងទៅទាក់ទាញអ្នកវិនិយោគ​ពីក្រៅប្រទេសមកហើយ ដូច្នេះថ្នាក់ដឹកនាំខេត្តនីមួយៗត្រូវប្រឹងប្រែងទាក់ទាញបន្តទៅតាម​ខេត្តរបស់ខ្លួន។ នយោបាយរបស់កម្ពុជាឈរលើនិរន្តភាព និងសង្គតិភាព ផ្អែកលើគោលនយោបាយមូលដ្ឋានអធិបតីភាព ឯករាជ្យ ផ្អែកលើច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ប្រទេសសមាជិកអង្គការសហប្រជាជាតិ ១៨១ប្រទេស ប្រកាន់នយោបាយចិនតែមួយ មិនមែនតែកម្ពុជានោះទេ។ សម្តេចធិបតីបានថ្លែងថា មិនមែនតែកម្ពុជានោះទេ ដែលធ្វើពាណិជ្ជកម្មជាមួយចិន។ មានប្រទេសច្រើនណាស់ធ្វើពាណិជ្ជកម្មជាមួយចិន បើអាក្រក់គេមិនធ្វើពាណិជ្ជកម្មជាមួយចិននោះឡើយ។

...

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង និងហ្វលីពីន ក៏ដូចជាមេដឹកនាំប្រទេសដទៃទៀត ដោយសម្តេចបានបញ្ជាក់ដូចគ្នា គឺនឹងបន្តរក្សាទំនាក់ទំនងដែលធ្លាប់មានជាមួយគ្នា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យជឿទុកចិត្តចុះថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមិនធ្វើឱ្យបាត់បង់ប្រយោជន៍ប្រជាពលរដ្ឋ និងធិបតេយ្យជាតិនោះឡើយ៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print