ភ្នំពេញ÷ សម្តេចពិជ័យសេនាទៀ បាញ់ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានគណ:កម្មការសម្រាប់សិក្សានិងរៀបចំសាងសង់វិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ដឹកនាំក្រុមការងារអញ្ជើញប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ។
ពិធីនេះបានធ្វើឡើងនៅវិមានឈ្នះ-ឈ្នះ មានទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅបរិវេណវិមានឈ្នះ-ឈ្នះគឺមានកសាងសងប្រាសាទកោះកេរ ជានិម្មិតរូប ស្ថិតនៅជ្រុងខាងកើតវិមានឈ្នះឈ្នះ។ ពិធីមានការរៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយ ដើម្បីអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ។
គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
ជាមួយគ្នានេះដែរ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន
៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក
-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧ នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួម មាន៖ ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលា ឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវ ខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយ រីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
សូមជម្រាបដែរថា បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទ ព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕ ដោយ៖សុរិយា