ភ្នំពេញ : នាព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០នាទី នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីទូងស្គរអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកក្រសួងសុខាភិបាលក្រោមឱវាទ។
ការបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលនេះ បានឆ្លុះបញ្ចាំងកាន់តែច្បាស់នូវអរិយធម៌ដ៏រុងរឿង ដែលធ្វើឱ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោ និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយទូទាំងពិភពលោកថែមទៀត ពិសេសនៅលើវេទិកាបេតិកភណ្ឌពិភពលោក។
មកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ចូលជាសម្បត្តិវប្បធម៌ពិភពលោករួមមាន ប្រាសាទអង្គរវត្ត នៅឆ្នាំ១៩៩២ របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) នៅឆ្នាំ២០០៣ ប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ ប្រាសាទសំបូរព្រៃគុក ឆ្នាំ២០១៧ និងល្ខោនខោល ឆ្នាំ២០១៨ ដែលជាសមិទ្ធផលក្រោមម្លប់សន្តិភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ ដែលសបញ្ជាក់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីបុព្វហេតុជាតិ មាតុភូមិ សុខសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជាតិទាំងមូល។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃក្រសួងសុខាភិបាលទាំងអស់ សូមសំដែងការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់រហូតសម្រេចបាននូវការចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិទាំងមូល។
ជាចុងក្រោយយើងខ្ញុំទាំងអស់គ្នានឹងចូលរួមបន្តថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបី និងអរូបី ដ៏មានតម្លៃមិនអាចកាត់ថ្លៃទាំងអស់នេះ ឲ្យបានគង់វង្ស ស្របតាមទិសស្លោក «កិច្ចថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕