ខេត្តកណ្តាល៖ នៅចំពោះមុខប្រជាពលរដ្ឋជិត៦០០នាក់ ដែលមកចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែប្រវែងជិត១០០០ម៉ត្រ លោកម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បាន ព្រមានក្រុមហ៊ុនដែលបានសិទ្ធក្នុងការស្ថាបនាផ្លូវបេតុង ឲ្យធ្វើការស្ថាបនាស្របទៅតាមស្តង់ដាបច្ចេកទេស ប្រសិនបើក្រុមការងារពិនិត្យឃើញថា ផ្លូវបេតុងនេះធ្វើខុសបច្ចេកទេស និងបញ្ឈប់មិនអោយក្រុមហ៊ុននោះចូល រួមក្នុងការដេញថ្លៃទៀតហើយថែមទាំងចាប់បង្ខំម្ចាស់ក្រុមហ៊ុនអោយចេញសំណងមួយគុណជាពីរ ។
ការព្រមានជាសាធារណៈទៅលើក្រុមហ៊ុនស្ថាបនាផ្លូវបេតុងនេះ បានធ្វើឡើងនៅគ្រាដែល លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង៨០០នាក់ កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ លោក-លោកស្រីជាមេឃុំទាំង៨ និងប្រជាពលរដ្ឋជិត៦០០នាក់ ។
លោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានអោយដឹងថា ផ្លូវបេតុងដែលបើកការដ្ឋាននៅពេលនេះ មានទំហ៊ំ៥ម៉ែត្រគុណនឹង៨០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ ចូលទៅផ្លូវលំក្នុងភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្ថាបនាដោយក្រុមការងាររបស់ខេត្ត ហើយផ្លូវនេះជាគំរោងសាងសង់ របស់មូលនិធិអភិវឌ្ឍន៍ខេត្តកណ្តាល មិនមែនគំរោងមូលនិធិថ្នាក់ស្រុកទេ និយាយអោយខ្លី ស្រុកចាំតែទទួលយកសមិទ្ធិផល ចំណែកការងារសាងសង់ និងប្រភពថវិកាក្នុងការសាងសង់ថ្នាក់ខេត្តជាអ្នករ៉ាប់រង ។
តាមសំណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំអោយក្រុមការងារសាងសង់ផ្លូវបេតុងថ្មីនេះ ទៅភ្ជាប់ជាមួយផ្លូវបេតុងចាស់ ដែលជាគំរោងមូលនិធិអភិវឌ្ឍន៍ឃុំ នៅក្នុងភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ដោយត្រូវបន្ថែមជាង២០០ម៉ែត្រទៀត សរុបទាំងអស់ជាង១០០០ម៉ែត្រ ។ ប៉ុន្តែនៅសល់ជាង២០០ម៉ែត្រ នេះអាជ្ញាធរស្រុក និងធ្វើការពិភាក្សា ជាមួយអាជ្ញាធរឃុំដើម្បីធ្វើការស្ថាបនាភ្ជាប់ជាមួយផ្លូវបេតុងដែលមានស្រាប់ ពោលគឺមិនឲ្យប្រជាពលរដ្ឋខកបំណងនោះទេ ។
ក្នុងពិធីនេះដែរលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានមានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ដូច្នេះថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានដឹកនាំប្រទេសជាតិតាំងពីបាទដៃទទៃ ក្នុងរហូតដល់មានសន្តិភាព មានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រ និងអាណាចក្រ ដោយឡែកគណបក្សផ្សេងៗទៀត បានត្រឹមតែនិយាយមួលបង្កាច់រាជរដ្ឋាភិបាលខុសការពិត មិនបានធ្វើអ្វីបន្តិចសោះពោលគឺបោកប្រាស់ប្រជាពលរដ្ឋ គណបក្សប្រភេទនេះសូមបងប្អូនប្រជាពលរដ្ឋកុំចាញ់ការឃោសនាឲ្យសោះ គឺមានតែគណបក្សប្រជាជនតែមួយប៉ុណ្ណោះ ដែលនៅជាមួយប្រជាជន បំរើប្រជាជន ចាត់ទុកប្រជាជនជាម្ចាស់ ដឹកនាំប្រទេសមានការរីកចំរើន ។
ជាមួយគ្នានេះ សូមឲ្យអស់លោកជាអភិបាលស្រុក , លោក-លោកស្រី ជាមេឃុំត្រូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ បំរើប្រជាពលរដ្ឋប្រកបដោយឆន្ទះពិតប្រាកដ មិនត្រូវប្រើសំដីគំរួសគំរើយដាក់ប្រជាពលរដ្ឋជាដាច់ ។ អ្វីដែលសំខាន់ពេលប្រជាពលរដ្ឋមានសំណូម ត្រូវចុះដោះស្រាយជាបន្ទាន់ ត្រូវចាំថាយើងជាអ្នកបំរើប្រជាពលរដ្ឋមិនមែនជាម្ចាស់ប្រជាពលរដ្ឋនោះទេ ជាពិសេសត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព អោយមានប្រសិទ្ធភាព ទើបប្រជាពលរដ្ឋគ្មានក្តីបារម្ម ។
ដើម្បីជាចំណងដៃដល់អាជ្ញាធរស្រុកកៀនស្វាយ លោកអភិបាលខេត្តកណ្តាលបានសន្យាថា នៅឆ្នាំ២០១៧ខាងមុខនេះអាជ្ញាធរខេត្តនិងសាងសង់អាគារច្រកចេញ-ចូលថ្មីអោយសាលាស្រុកកៀនស្វាយ ,សាងសង់អាគាសាលាឃុំភូមិធំ, សាងសង់អាគារសាលាឃុំសំរោងធំ, និងផ្តល់ផ្លូវបេតុងចំនួន២០០០ម៉ែត្រដល់ឃុំគគីរចំនួន១០០០ម៉ែត្រ និងឃុំឈើទាល១០០០ម៉ែត្រ ចំណែកប្រជាពលរដ្ឋមកចូលរួមក្នុងកម្មវិធីចំនួន៥២០នាក់ ក្នុងម្នាក់១ម៉ឺនរៀល ៕
ដោយ៖ សណ្តោស