ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានចូលរួមសម្ភោធ ដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា វត្តតំាងរនាម ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ដើម្បីចូលរួមចំណែកបម្រើឲ្យវិស័យ ព្រះពុទ្ធសាសនា ដោយចំណាយថវិកា ដែលបានមកពីការចូលរួម សប្បុរសជន ពុទ្ធបរិស័ទជិត ឆ្ងាយអស់ ចំនួន៣០៥៨៤០ដុល្លារអាមេរិក កាលពីថ្ងៃទី០២ កក្កដា ឆ្នំា២០១៦ ។
សមិទ្ធផលនានា ដែលកើត ឡើងពីសទ្ធាជ្រះផ្លា ចូលរួមពីពុទ្ធបរិស័ទ នៅវត្ដតំាងរនាម នេះ រួមមាន ក្លោងទ្វា,របង,កុដិ,សាលាឆន័, រូបសំណាក់សត្វឆ្នំាទំាង១២ , បង្គោលភ្លើង , អណ្ដូងទឹកស្អាត និងផ្លូវចាក់បេតុងក្នុងទីធ្លា វត្ដជាដើម។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ រាល់សមិទ្ធផលទាំងអស់នេះ គឺសម្រាប់បម្រើឲ្យដល់សេចក្តីត្រូវការរបស់បងប្អូន ដែលកាន់ព្រះពុទ្ធសាសនា សម្រាប់គោរព្ធប្រតិបត្ដិ តាមជំនឿ និងទំនាមទម្លាប់ ទាំងអស់គ្នា ដូច្នេះហើយសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមជួយថែរក្សាសមិទ្ធផលទាំងអស់នេះ ជាពិសេសជួយថែរក្សាឲ្យបាននូវ ស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដែលខិតខំកសាងឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រោះបើគ្មានសន្តិភាព ក៏មិនមានការអភិវឌ្ឍនោះដែរ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប្រសិនបើសាសនាលិចលុង ការដឹកនាំប្រទេសជាតិក៏មិនអាចទៅរួចដែរ។ សាសនាមានការរីកចម្រើនប្រទេស ជាតិក៏មានការរីកចម្រើនតាមនោះដែរ កត្ដាទាំងអស់នេះវាអាស្រ័យទៅលើពុទ្ធបរិស័ទមានជីវភាពធូរធារផងដែរ។ សមិទ្ធផលនានា ដែលបានកើតមាន ឡើងនៅទីអារាម នៃវត្ដតំាងរនាមនេះ ក៏អាស្រ័យដោយមានការឯកភាពចូលរួមពីព្រះសង្ឃបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ដគោរពស្រលាញ់វិស័យព្រះសាសនា ទើបសមិទ្ធផលនានាត្រូវបានក៏កើតឡើងយ៉ាងច្រើននៅទីនេះ ទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយៗ គោរពប្រតិបត្ដិបូរជា តាមប្រពៃណីដ៏ផូរផង់របស់យើង ។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានបញ្ជាក់ថា៖ វត្តតំាងរនាមនេះ កាលដើមឡើយ ជាទីទំនាបដុះព្រៃរបោះ មានអូរថ្លុកតូចធំ និងមានស្រះមួយយ៉ាងធំ សម្បូរដោយកំប្លោក និងចក ដែលមានទឹកខួបប្រាំងខួបវស្សា ។ ដោយពិនិត្យលើទិដ្ឋភាពជាក់ស្តែងបែបនេះ គឺមានភាពស្មុគស្មាញ មិនសាកសម ជាកន្លែងសម្រាប់ ពុទ្ធបរិស័ទ មកគោរព្ធបូជា តាមប្រពៃណីសាសនា ទើបពុទ្ធបរិស័ទ ចំណុះជើងវត្ដនាំគ្នាចូលរួមកសាង នៅតំបន់នេះ ដោយប្រមូលផ្តុំកម្លាំង និងសទ្ធាជ្រះថ្លារៀងៗខ្លួន ហើយពុះពារគ្រប់ការលំបាក ប្រែក្លាយទីនេះ ឲ្យទៅជាវត្តមួយសាកសម ជាកន្លែងគោរពបូជា ដែលមកដល់ពេលនេះមានអាយុកាល៤០៨ឆ្នាំហើយ ។
ក្នុងឱកាសនោះដែរលោក ប៉ា សុជាតិវង្ស ក៏បាននាំយកបច្ច័យ ចំនួន៥៧០០ដុល្លារ អាមេរិក ប្រគេណព្រះសង្ឃឆ្លើយតបតាមសំណើ របស់គណៈកម្មាធិការវត្ដតំាងរនាម ដើម្បីយកមកសងថ្លៃ ជាង និងសងថ្លៃ គ្រឿងសំណង់ ដែលនៅជំពាក់គេ និងនំាយកថវិកាចំនួន២លានរៀលជូនសាលាអនុវិទ្យាតំាងរនាម ដើម្បីយកទៅទិញសម្ភារការិយាល័យដាក់សាលាផងដែរ ៕.
ដោយ៖ សំរិត