ខេត្ដសៀមរាប៖ លោក តាំង ហូ អ្នករាយការណ៍ព័ត៌មានមួយរូប នៃបណ្ដាញព័ត៌មានទូរទស្សន៍អប្សរាANNប្រចាំខេត្ដសៀមរាប ស្នើឲ្យតុលាការខេត្ដសៀមរាប ដោះស្រាយបណ្ដឹងរបស់គាត់ឲ្យបានលឿនដែលប្ដឹងសមត្ថកិច្ចប៉ូលិសម្នាក់គឺលោក ហុង ប៊ុនហាវ នាយរងការិយាល័យកំរិតស្រាល និងរួមទាំងសមត្ថកិច្ច៥នា់ ដោយចោទពីបទរំលោភសិទ្ធិលំនៅឋាន កាលពីដើម ខែកុម្ភៈ ឆ្នាំ២០១៦ ។
នៅក្នុងពាក្យបណ្ដឹងកាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៦ អ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍អប្សរាANNប្រចាំខេត្ដសៀមរាប គឺលោក តាំង ហូ បានប្ដឹងឈ្មោះហុង ប៊ុនហាវ នាយរងការិយាល័យកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប និងមន្ដ្រីសមត្ថកិច្ច៥នាក់ផ្សេងទៀត ទៅតុលាការ ដោយចោទពីបទរំលោភសិទ្ធិលំនៅឋាន រំលោភកាតព្វកិច្ចការងារ ដែលធ្វើឲ្យប៉ះពាល់ដល់កិតិ្ដយសគ្រួសារ និងស្ថាប័នកាងារធ្ងន់ធ្ងរ។
លោក តាំង ហូ ជាអ្នករាយការណ៍ព័ត៌មានឲ្យបណ្ដាញព័ត៌មានទូរទស្សន៍អប្សរាANNប្រចាំខេត្ដសៀមរាប បានប្រាប់កាលពីម្សិលមិញថា លោកដាក់ពាក្យប្ដឹងនោះមានរយៈពេល៤ខែមកហើយ ប៉ុន្ដែតុលាការមិនមានដំណោះស្រាយតាមផ្លូវច្បាប់នៅឡើយ ដែលលោកថា ការយឺតយ៉ាងនេះធ្វើឲ្យលោកចង់អស់ជំនឿលើប្រព័ន្ធយុត្ដិធម៌មួយនេះ ។
លោកបានរំលឹកថា សមត្ថកិច្ចចំនួន៦នាក់ប្រដាប់ដោយអាវុធ ដឹកនាំដោយលោក ហុង ប៊ុនហាវ បានសម្រុកចូលផ្ទះលោក ដោយគ្មានដីការកោះពីតុលាការ និងអាជ្ញាធរមូលលដ្ឋានដែលលោកថា ខុសនិតិវិធីច្បាប់ និងធ្វើឲ្យប៉ះពាល់ដលល់កិតិ្ដយស់គ្រួសារ។លោកបានបន្ដថា៖វាធាក់បណ្ដោយធាក់ទ្វាឡើងផ្អើលទាំងអស់ហើយប្រពន្ធខ្ញុំក៍អត់ដឹងបានប្អូនថ្លៃខ្ញុំមកស្ទុះបើកទ្វា ស្ទុះបើកទ្វាមិនទាន់រុញផ្ញាប្រពន្ធទៀតមិនមានពាក់អាវក្នុងទៀតកៀសប្រពន្ធខ្ញុំចង់ផ្ងារជើងខ្ញុំសួរថាមានរឿងអីចាប់ទាញខ្ញុំអូសពីលើគ្រែម៉ង។
ករណីនេះ លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្ដសៀមរាបលោកមានប្រសាសន៍ថា តុលាការកំពុងស៊ើបអង្កេតបឋម។
យោងតាមពាក្យបណ្ដឹង ឲ្យដឹងថា កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦នេះ កម្លាំងសម្ថកិច្ច៦នាក់ប្រដាប់ដោយអាវុធ ដឹកនាំដោយលោក ហុង ប៊ុនហាវ នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្ដសៀមរាប បានសម្រុកចូលក្នុងបន្ទប់ និងចាប់ទាញដៃអ្នកសារព័ត៌មានរូបនោះ ចេញមកក្រៅបន្ទប់ដោយមិនមានដីការពីតុលាការ និងគម្រាមមិនឲ្យនិយាយស្ដីទាំងអស់ ខណៈដែលអ្នកសារព័ត៌មានរូបនោះមានជំងឺនិងមានខោខ្លីនៅជាប់ខ្លួន ។ ក្នុងពាក្យបណ្ដឹងបានទាមទារឲ្យតុលាការផ្ដន់ទារទោសលោក ហុង ប៊ុនហាវ និងមន្ដ្រីទាំងនោះតាមផ្លូវច្បាប់ និងផ្ដល់ជំងឺចិត្ដ១ម៉ឺនដុល្លារ ៕
ដោយ៖ ជានិរន្ដរ៍