អ្នកតំណាងរសស្ត្រមណ្ឌលកំពង់ចាម លោក ខៀវ កាញារីទ្ធ ៖ រៀនសូត្រពីអតីតកាល !

ចែករំលែក៖

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរសស្ត្រមណ្ឌលកំពង់ចាម បានសំណេរពី «រៀនសូត្រពីអតីតកាល !» ដែលមកដល់ថ្ងៃនេះ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោក បានបង្ហោះលើផេកផ្លូវការ បានចំនួន ដល់ភាគទី៥ គ្រាន់សូមលើកយកខ្លឹមសារភាគទី១ មកបញ្ជាក់ជូនប្រិយមិត្តដូចខាងក្រោម ៖

លោកមានប្រសាសន៍ថា ៖ ពីថ្ងៃមុន ខ្ញុំបាននិយាយពីរឿង«មនុស្សគិត ទេវតាសម្រេច» ដែលសម្តេចហ៊ុនសែន នៅឆ្នាំ ១៩៨៦ បានធ្វើការប្រែប្តូរយ៉ាងធំធេង និង ជាលើកទីមួយ ក្នុងប្រវត្តិសង្គមនិយម/កុម្មុយនីស្តនិយមអន្តរជាតិដោយទទួលស្គាល់កម្មសិទ្ធិឯកជនលើដីធ្លីកសិកម្ម តែដោយសហរដ្ឋអាមេរិក ចិន សុទ្ធតែជាប់ក្នុងល្បែងភូមិសាស្ត្រនយោបាយដោយផ្តោតលើការបន្សោយវៀតណាមជាធំ ទើបសម្តេចបានជោគជ័យក្នុងការស្តារនយោបាយស្បៀង ពង្រឹងសាធារណដ្ឋប្រជាមានិតកម្ពុជា ទប់ទល់នឹងការប្រើកម្លាំងខ្មែរក្រហមដែលជាស្នូលនៃ«រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ»ដើម្បីជំរុញយុទ្ធសាស្ត្រ«ដូមីណូបញ្ច្រាស» [ Domino in reverse ] ឡើងទៅក្រុមប្រទេសកុម្មុយនីស្តឯទៀត ។

តែក្រៅពី«ទេវតាសម្រេច» ខ្ញុំក៏បាននិយាយផងដែរពីចរិតរៀបចំយុទ្ធសាស្ត្ររបស់សម្តេចតេជោក្នុងការឈានទៅសម្រេចយុទ្ធសាស្ត្ររបស់លោក ដែលខ្ញុំហៅថា ចរិត «មួយចានទឹកមួយចានគោក» របស់លោក និង ដែលភាសានយោបាយអង់គ្លេសហៅថា Brinkmanship ។

ដំបូងយើងត្រូវយល់ថាអ្វីទៅជា Brinkmanship ? វចនានុក្រម Merriam-Webster បានអោយនិយមន័យថា សិល្បៈ ឬ ការអនុវត្តជំរុញស្ថានភាពគ្រោះថ្នាក់មួយ ឬ ប្រឈមគ្នាមួយទៅដល់ជិតផុតកម្រិតសុវត្ថិភាពពិសេសសំដៅជំរុញអោយចេញជាលទ្ធផល មួយដែលចង់បាន [ The art or practice of pushing a dangerous situation or confrontation to the limit of safety especially to force a desired outcome ] ។ ពេលនោះ ខ្ញុំបានសង្ខេបទៅសម្តេច ( ដើមទសវត្សរ៍ ៩០ ) ថាជាយុទ្ធសាស្ត្រ «មួយចានទឹកមួយចានគោក» ដោយបន្ថែមថា «ចំពោះបង [ ក្នុងពេលនោះខ្ញុំហៅសម្តេច បង ] មិនដែលគោកទេ គឺមានគោកមានទឹក» ។

Brinkmanship ជាពាក្យថ្មីដែលបានបង្កើតឡើងតាមការសម្ភាសន៍របស់ទស្សនាវដ្តីដ៏ល្បីល្បាញសម័យនោះគឺ ទស្សនាវដ្តី LIFE ។ ទស្សនាវដ្តីនេះបានធ្វើការសម្ភាសន៍ជាមួយអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គឺលោក John Foster Dulles នៅ ឆ្នាំ ១៩៥៦ ដែលលោកបានថ្លែងថា «សមត្ថភាពឈានទៅប្រផុតប្រផើយតែមិនរហូត ដល់ផ្ទុះសង្គ្រាមគឺជាសិល្បៈចាំបាច់ ….. បើអ្នកខ្លាចមិនហ៊ានជាន់ដល់គែម [ Go to the brink ] អ្នកចាញ់ហើយ» ។ ជាការឆ្លើយតប អ្នកនយោបាយ និង ជាការទូតអាមេរិកម្នាក់គឺលោក Adlai Stevenson បានរិះគន់ថា Brinkmanship របស់លោក John Foster Dulles ជាជំហរមិនគិតវែងឆ្ងាយ និង ប្រថុយប្រថាន ។ ហើយពាក្យនេះក៏ត្រូវបានប្រើរហូតមក ។

លោកបន្តថា៖ ខ្ញុំប្រើពាក្យ«មួយចានទឹកមួយចានគោក» ព្រោះខ្ញុំបានសង្កេតការងារលោកតាំងពីនៅធ្វើការឆ្នាំ ១៩៧៩ ពិសេសចាប់ពីឆ្នាំ ១៩៨៣ ក្រោយពីខ្ញុំនិងសម្តេចនៅគេងតែពីរនាក់ក្នុងបន្ទប់មួយក្នុងពេលសន្និបាតខេត្តព្រៃវែង ដែលសម្តេចបាននិយាយថា «កាញារីទ្ធ ខ្ញុំមានមោទនភាពដែលដៃខ្ញុំគ្មានប្រលាក់ឈាមខ្មែរណាម្នាក់» ។

នៅមានត……សូមរងចាំភាគទី២ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print