មានករណីជំងឺ ហ្ស៊ីកាចំនួន១ករណី កើតលើកុមារីអាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ

ចែករំលែក៖

ភ្នំពេញ : មានករណីជំងឺ ហ្ស៊ីកាចំនួន១ករណី កើតលើកុមារីអាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ នេះបើយោងតាមក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានករណីជំងឺ ហ្ស៊ីកាចំនួន១ករណី កើតលើកុមារីអាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបាន ចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយមានរោគសញ្ញា ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារី បានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្ដរហ័សរកជំងឺគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បន្តយកវត្ថុវិភាគ និងបានផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់មក លទ្ធផលបង្ហាញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺវិជ្ជមានវីរុសហ្សុីកា។

ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា វីរុសហ្សុីកា ឆ្លងមកមនុស្ស តាមរយៈ មូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះគឺដូចគ្នានិងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាមនិងគ្រុនឈីក។ ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកាពីព្រោះវីរុសនេះមាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាលនិងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកាឆ្លងពីម្ដាយទៅកូនក្នុង អំឡុងមានផ្ទៃពោះ និងនៅពេលសម្រាល។

វីរុសហ្ស៊ីកាជាធម្មតាបណ្តាលឱ្យមានជំងឺហ្ស៊ីកាស្រាលមិនធ្ងន់ធ្ងរទេ ដែលចេញរោគសញ្ញាពី២ ទៅ ៣ថ្ងៃ បន្ទាប់ពីមនុស្សម្នាក់ត្រូវបានខាំដោយសត្វមូសខ្លាដែលផ្ទុកវីរុសហ្ស៊ីកា។ រោគសញ្ញាទូទៅ មានដូចជាគ្រុនក្ដៅស្ទិញៗ និងកន្ទួលក្រហមលើស្បែក អ្នកខ្លះទៀតអាចនឹងមាន ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំងជាដើម។ រោគសញ្ញាទាំងនេះ ជាធម្មតាអាចជាសះស្បើយក្នុងរយៈពេលពី ២ ទៅ ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់។ គេបានប៉ាន់ប្រមាណថា ៨០% នៃមនុស្សដែលបានឆ្លងវីរុសនេះមិនបានបង្ហាញរោគសញ្ញាអ្វីទេ។ មានករណ៏តិចតួច បំផុតដែលអាចវិវត្តទៅជាទន់ដៃទន់ជើង ហើយបើកើតមានលើស្ត្រីមានផ្ទៃពោះ គឺអាចទារកស្លាប់ក្នុងផ្ទៃ ឬក្បាលទារក អាចតូចជាងធម្មតា។

ជំងឺហ្ស៊ីកាមិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែតម្រូវឱ្យផ្ដល់ការព្យាបាលគាំទ្រនិងថែទាំទៅតាមរោគសញ្ញា អ្នកជំងឺ។ មនុស្សដែលមាន ជំងឺហ្ស៊ីកា គួរសម្រាកនិងពិសាទឹកឱ្យបានច្រើន ព្រមទាំងព្យាបាលការឈឺចាប់និងគ្រុនក្តៅ ដោយប្រើថ្នាំបញ្ចុះកំដៅធម្មតា តែមិនតម្រូវឱ្យប្រើថ្នាំផ្សះទេ។ ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ សូមស្វែងរកការ ពិគ្រោះជំងឺជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។ ការធ្វើរោគវិនិច្ឆ័យគឺតាម រយៈមន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា៖ មន្ទីរពិសោធន៍នៅវិទ្យាស្ថានសុខភាពសាធារណៈ និងវិបត្រស្ថានប៉ាស្ទ័រកម្ពុជា ដែលអាចធ្វើគេស្គរកវីរុសហ្ស៊ីកាបាន។ បច្ចុប្បន្នមិនមានវ៉ាក់សាំងដែលអាចប្រើសម្រាប់រជំងឺនេះនៅឡើយ ។

ក្រសួងសុខាភិបាល សូមប្រកាសក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ការបង្ការដែលល្អបំផុត ពីជំងឺហ្ស៊ីកា គឺត្រូវអនុវត្តន៍ដូចទៅនឹងការបង្ការជំងឺគ្រុនឈាម និងគ្រុនឈឺកដែរ រួមមានការពារខ្លួនកុំអោយមូសខ្លាខាំស្រ្តីដែលមានផ្ទៃពោះ ឬមានផែនការនឹងមានផ្ទៃពោះ និងដៃគូរួមភេទរបស់គាត់រឹតតែត្រៀមានការប្រុងប្រយ័ត្នបន្ថែមទៀត។
សូមអសមតាមការណែនាំ របស់ក្រសួងសុខាភិបាល ទាំងស្រុងដូចខាងក្រោម ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print