ជប៉ុន​ នឹងអភិវឌ្ឍកំពង់ផែព្រះសីហនុរបស់កម្ពុជា ទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍

ចែករំលែក៖

ភ្នំពេញ៖ បេីតាមការ​បញ្ជាក់ពី​លោក អ៊ុអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា​ បានថ្លែង​ឱ្យ​ដឹង​ថា៖​ តាមរយៈគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន ទឹកប្រាក់ជាង ៤៣០លានដុល្លារនឹងត្រូវផ្ដល់ដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។

ការថ្លែងបែបនេះ​របស់​លោក​ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា​ ក្នុងអំឡុងពេលកិច្ចពិភាក្សាតុមូលស្ដីពី«ទំនាក់ទំនងកម្ពុជា-ជប៉ុន»សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រ ទេសទាំង២ ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។ 

លោក អ៊ុអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ បានគូសបញ្ជាក់​ថា ជប៉ុននឹងបន្តជួយដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុបន្តទៀត។ 

លោក​​ឯកអគ្គរដ្ឋទូតរូបនេះបន្តថា ជប៉ុននឹងផ្ដល់ទឹកប្រាក់ជាង ៤៣០លានដុល្លារ ដែលនឹងផ្ដោតទៅលើការអភិវឌ្ឍចំណតកំពង់ផែឱ្យមានជម្រៅជ្រៅជាងមុន ដើម្បីឱ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦០តោនចូលចតបាន។ គ ម្រោងនេះនឹងបញ្ចប់ត្រឹមឆ្នាំ២០២៦។ សម្រាប់ដំណាក់កាលបន្តទៀត គឺនឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឱ្យបានច្រើនថែមទៀត ជារួមគឺអាចពង្រីកបន្ថែម ៩ទីតាំងទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជា ទៅជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅត្រឹមឆ្នាំ២០២៨។ 

​កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា សម្រាប់តភ្ជាប់ទំនាក់ទំនងគមនាគមន៍ផ្លូវទឹក វិនិយោគ ការដោះដូរទំនិញ ដឹកជញ្ជូនឆាប់រហ័ស និងចំណាយតិច ។ ក្រោយបញ្ចប់ការសាងសង់កំពង់ផែអន្តរជាតិមួយនេះ នឹងអនុញ្ញាតឱ្យនាវាទំហំធំៗប្រមាណ ៩៣%អាចចូលចតបាន៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print