ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា៖ “អនុវត្តច្បាប់ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ ធ្វើកិច្ចសន្យា ហើយដោះលែង ដែលជាការអនុវត្តខុសច្បាប់”។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី បានធ្វេីឡេីងនាឱកាសលោកជួបណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិ កាលពីព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។
លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា៖ ”គ្រប់ករណីប្រព្រឹត្តិបទល្មើសទាំងឡាយ ឱ្យតែចាប់បាន គឺមិនអនុញ្ញាតឱ្យធ្វើកិច្ចសន្យា ហើយដោះលែងនោះទេ គឺត្រូវតែកសាង សំណុំរឿង និង ដាក់បន្តទៅតុលាការ ជាដាច់ខាត ហើយប្រសិនជាករណីទាំងនោះ មានពាក់ព័ន្ធនឹងកត្តានយោបាយ សូមផ្តល់ព័ត៌មាន និងសិទ្ធិឱ្យលោករដ្ឋមន្រ្តី ជាអ្នកសម្រេច “។
គួរបញ្ជាក់ថា ការថ្លែងបញ្ជាក់ពីសំណាក់ លោករដ្ឋមន្រ្តីបែបនេះ ធ្វើឡើងពីការអនុវត្ត ភារកិច្ច កាតព្វកិច្ច របស់មន្រ្តីក្រោមឱវាទ ឱ្យបានត្រឹមត្រូវហ្មត់ចត់ គឺដើម្បីលើកស្ទួយ ប្រសិទ្ធភាពការងារ ប្រកបដោយប្រសិទ្ធផល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១នេះ ដែលក្រសួងបរិស្ថាន បាននឹងកំពុង អនុវត្តរួចទៅហើយ លើអាទិភាពចំនួន៣ គឺ៖ ទី១.កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” ទី២. ការផ្តល់ជូនកូនឈើចំនួនជាង ១លានដើម រៀងរាល់ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលមានតម្រូវការដាំដើមឈើ ដោយឥតគិតថ្លៃ និងទី៣. អេកូទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ ព្រៃសហគមន៍ ធ្វើយ៉ាងណារក្សាឱ្យបានគម្របព្រៃឈើ មានអព្យាក្រឹតកាបូន និងលើកស្ទួយជីវភាព ប្រជាពលរដ្ឋដោយចីរភាព (យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា) ។
គួរបញ្ជាក់ថា អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មាននាយកដ្ឋានចំណុះចំនួន ៧ ដែលរួមមាន នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នាយដ្ឋានអភិរក្សតំបន់ការពារ ធម្មជាតិដីគោកខាងកើតទន្លេមគង្គ នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងជើងបឹងទន្លេសាប នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូង បឹងទន្លេសាប នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីសើម ទឹកសាប នាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ និងនាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ គ្រប់គ្រងលើតំបន់ការពារធម្មជាតិ ចំនួន ៧៤ តំបន់ មានផ្ទៃដីប្រមាណ ៧,២ លាន ហិកតា ដែលចាំបាច់ត្រូវមានការរួបរួម ពីមន្រ្តីគ្រប់ជាន់ថ្នាក់ និងលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋ ចូលរួមផងដែរ ក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ ដើម្បីសម្រេចឱ្យ បាន ផែនការយុទ្ធសាស្រ្តរួមរបស់កម្ពុជា៕ ដោយ៖សហការី