ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យ ប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥នៅរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថានៅជុំវិញនិងក្នុងផ្សារ ហើយអ្វីដែលសំខាន់មួយទៀត នោះ គណៈកម្មការផ្សារត្រូវមានភាពស្និតស្នាល រាក់ទាក់ជាមួយបងប្អូនអាជីវករក្នុងនិងក្រៅប្រព័ន្ធ ឱ្យ បានល្អ ។
លោកឃួង ស្រេង បានធ្វើការណែនាំបែបនេះ ក្នុងកិច្ចប្រជុំ ពង្រឹងការងារគ្រប់គ្រងផ្សាររដ្ឋទាំង២៥ផ្សារ ក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណង ជំរុញឱ្យមាន ការគ្រប់គ្រង់ផ្សាររដ្ឋទាំង២៥ផ្សារ បានកាន់តែមានភាពល្អប្រសើរឡើង ទាំងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថានជុំវិញនិង នៅក្នុងផ្សារ សំដៅធ្វើយ៉ាងណា ទទួលបានការគោរពនិងស្រលាញ់ពីបងប្អូន ប្រជាពលរដ្ឋ និងអាជីវករ ។
លោកបន្តថា ប្រធានគណៈ កម្មការផ្សារ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ នៅក្នុងផ្សារដែលខ្លួនគ្រប់គ្រងទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ជាមួយនឹងការធ្វើស្ថិតិឱ្យ បានច្បាស់លាស់ចំពោះ អាជីវករ ដែលមានជីវភាពក្រីក្រ និងមធ្យម ដើម្បីងាយស្រួល យើងថែទាំពួកគាត់ ។ បន្ថែមពីនេះទៀតយើង ត្រូវណែនាំដល់ បងប្អូនប្រជាពលរដ្ឋនិងអាជីវករ ឱ្យ ថែរក្សាអនាម័យ បរិស្ថាននៅក្នុងផ្សារ ជាប្រចាំ។
លោក ឃួង ស្រង ក៏បានជំរុញ ឱ្យពិនិត្យ បានម៉ត់ចត់ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ជាមួយនិងការរកទីតាំងឱ្យ ពួកគាត់បានលក់ដូរ និងការ បញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារ ទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ការងារនេះ ទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារត្រូវ ពិនិត្យឱ្យ បានម៉ត់ចត់។ ក្នុងនាមយើងជាអាណា ព្យាបាលប្រជាពលរដ្ឋ គឺអាជ្ញាធរខណ្ឌទាំង ១៤និងគណៈកម្មការផ្សាររដ្ឋទាំង២៥ ត្រូវធ្វើយ៉ាងណាឱ្យ ប្រជាពលរដ្ឋ និងអាជីវករគោរពស្រលាញ់យើងឱ្យ បានយូអង្វែង នោះទើបយើងទទួលបានឈ្មោះជាឱពុកម្ដាយគេ ៕ . សំរិត