ភ្នំពេញ៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់លើការងារមនុស្សវ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានា។ នេះបើតាមសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។
ក្នុងសារលិខិតនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ ការអភិវឌ្ឍវិស័យសង្គមកិច្ចជាអាទិភាពសំខាន់មួយៗនៅក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស និងក្នុងមុំទី៤ “ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង” ដែលមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្ដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។
ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” ហើយការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រមចំនួន ៤ គឺ៖ ១)ចីរភាពនៃកម្មវិធី ២)លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ ៣)ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ និង៤)ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍជាប្រព័ន្ធ។
ក្នុងពេលជាមួយគ្នានេះដែរ សមាគមមនុស្សចាស់និងសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងជាបន្តវ័យចាស់ ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រដោយក្រសួង ស្ថាប័នដែលមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានា និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
សកម្មភាពប្រកបដោយសប្បុរសធម៌ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ជួយឧបត្ថម្ភគាំទ្រគ្នា និងការរួបរួមគ្នាជួយជ្រោមជ្រែងដោះស្រាយនូវទុក្ខលំបាករបស់ជនរួមជាតិ ជាពិសេស មនុស្សចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងសង្គមជាតិយើង។
ជាមួយគ្នានេះ សម្ដេចធិបតី បានសម្តែងនូវការកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបាននិងកំពុងយកចិត្តទុកដាក់អនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ និងសូមកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគមនានា ដែលបានធ្វើសកម្មភាពគាំទ្រប្រកបដោយមនុស្សធម៌ និងសាមគ្គីធម៌ចំពោះមនុស្សវ័យចាស់នៅតាមសហគមន៍នានា៕ដោយ៖ ស សម