ខេត្តរតនគិរីៈ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនគ្មានការប្រុងប្រយ័ត្នបានរេចង្កូតបុកស្លាកសញ្ញាចរាចរណ៍បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧៨ ភូមិឡូន ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។
លោកខាវ សុឃីន មេប៉ុស្តិ៍ទីងចាក់ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯង ជិះម៉ូតូក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុកស្លាកសញ្ញាចរាចរណ៍ដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ លោកបន្តថា ជនរងគ្រោះមានឈ្មោះ សាក់ តាគួយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខធនាគារអេស៊ីលីដា ជិះម៉ូតូម៉ាកឌ្រីម សង់ ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ អត់ស្លាកលេខ ដែលមានទីលំនៅភូមិ ទេសអន្លុង សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូជនរងគ្រោះខូចខាត ផ្នែកខាងធ្វេងត្រូវបានយករក្សាទុកនៅប៉ុស្តិ៍ទីងចាក់ រងចាំដោះស្រាយលក្រោយ៕ អ៊ុច សាវុទ្ធ