ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា គ្មានអ្វីធ្វើឱ្យចុះខ្សោយការប្តេជ្ញារបស់ប្រទេសជាតិនៅក្នុងសង្គ្រាមប្រឆាំងរុស្ស៊ីនោះឡើយ។ ការលើកឡើងរបស់លោកហ្សេលេនស្គីនេះ គឺមួយថ្ងៃបន្ទាប់ពីសភាអាមេរិកអនុម័តកញ្ចប់ថវិកាបណ្ដោះអាសន្នបញ្ចៀស Shutdown ដោយមិនមាន បញ្ចូលជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែននោះទេ។
ក្នុងសុន្ទរកថាជាសំឡេងមួយត្រូវបានថតទុក និងចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី បានលើកឡើងជាថ្មីពីការប្ដេជ្ញាចិត្តយកឈ្នះលើ
រុស្ស៉ី ដោយមិនបានលើកឡើងដោយផ្ទាល់ចំពោះការបោះឆ្នោតអនុម័តកញ្ចប់ថវិកានៅក្នុងសភាសហរដ្ឋអាមេរិកឡើយ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថាអ៊ុយក្រែននឹងបញ្ឈប់ការប្រយុទ្ធនៅថ្ងៃមួយដែលអ៊ុយក្រែនទទួលបានជ័យជម្នះ។
បន្ថែមពីលើនេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានអះអាងក្នុងសេចក្ដីថ្លែងការណ៍មួយដាច់ដោយឡែកថា លោកទទួលបានការធានាពីជំនួយយោធានៅពេលអនាគត នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin។ «លោករដ្ឋមន្ត្រី Lloyd Austin បានធានាចំពោះខ្ញុំថា ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន នឹងបន្តធ្វើឡើង ហើយថាអ្នកចម្បាំងអ៊ុយក្រែននឹងបន្តទទួលបានការគាំទ្រដ៏ខ្លាំងក្លានៅលើសមរភូមិ»។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ចេញមុខសន្យាដែរថា សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលអ៊ុយក្រែនឡើយ បើទោះជាកំពុងប្រឈមមុខនឹងវិបត្តិថវិកាសហព័ន្ធ ឬ Shutdown ក៏ដោយ៕ ដោយធីរីណា
រូបថត: Reuters