ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញគោលការណ៍ ស្ដីពីការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន បិទច្រករបៀង និងផ្តល់ និងអនុវត្តនូវការងារមួយចំនួន ៧ចំណុច

ចែករំលែក៖

ភ្នំពេញ : ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាប លោក លោកស្រីអភិបាលនៃគណៈ អភិបាលខេត្ត ជ្រាបថា ក្រសួងមហាផ្ទៃសូមកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តជាប់ព្រំដែននិង អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ដែលបាន ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យសកម្មភាពចេញចូលឆ្លងកាត់ព្រំដែនបាន យ៉ាងល្អប្រសើរ នាពេលកន្លងមក។ ទន្ទឹមនឹងការខិតខំទាំងនេះ ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា នៅ មានភាពខ្វះចន្លោះនិងភាពមិនប្រក្រតីមួយចំនួនកើតចេញពីការធ្វេសប្រហែសក្នុងការអនុវត្តតួនាទីភារកិច្ច ដូចជា ការលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់ស្ថិតក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនមួយចំនួន និង ការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែន ដែលកត្តាទាំងនេះបានជះឥទ្ធិពលមិនល្អដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។

ក្នុងន័យនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ចក្នុងការគ្រប់គ្រងនិង ត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែន និងអនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃសូមធ្វើការក្រើនរំលឹកជាថ្មីដល់លោក លោកស្រី អភិបាលនៃគណៈអភិបាលខេត្ត និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ត្រូវបន្តយកចិត្ត ទុកដាក់អនុវត្តនូវការងារមួយចំនួនដូចខាងក្រោម៖

១. ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ ត្រូវ ធ្វើការសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ចនិងសង្គមរបស់ច្រកដែល មានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សានិងលើកយោបល់ ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ។

២. ត្រូវចាត់វិធានការដើម្បីពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសត្រូវពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមបណ្តាច្រកទ្វារព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

៣. ត្រូវក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពី ពលករ និងប្រជាពលរដ្ឋទូទៅនៅពេលពួកគាត់ឆ្លងកាត់ចេញចូលតាមបណ្តាច្រកទ្វារព្រំដែន ដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ព្រមទាំងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

៤. ត្រូវបន្តផ្តល់សេវាសាធារណៈ និងសេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋដោយគ្មានការ រើសអើង ដើរទន្ទឹមនឹងការគ្រប់គ្រងស្ថិតិនិងលំហូរប្រជាពលរដ្ឋចេញចូលឆ្លងកាត់ព្រំដែន ឱ្យបានច្បាស់លាស់ ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង នៅតាមបណ្តាច្រកទ្វារព្រំដែនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ។

៥. ត្រូវចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់និងអ្នកសមគំនិត ដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។ ស្របគ្នានេះដែរ ត្រូវធ្វើ ការអប់រំ ណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅពេលចេញចូលឆ្លងកាត់ព្រំដែន ត្រូវមានឯកសារឆ្លងដែនស្របច្បាប់ដែលចេញដោយ ក្រសួងស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ការប្រព្រឹត្តបទល្មើស និងផលវិបាកផ្សេងៗនៃការឆ្លងដែនខុសច្បាប់។

៦. បន្តអប់រំ ណែនាំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជូនប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅតាមតំបន់ព្រំដែនឱ្យបានយល់ជ្រួតជ្រាបអំពីបែបបទនីតិវិធីនៃការឆ្លងកាត់ព្រំដែន ព្រមទាំងលើកទឹកចិត្តឱ្យពួកគាត់ចូលរួមសហការនិងរាយការណ៏នូវរាល់ភាពមិនប្រក្រតី នានានៅតាមតំបន់ព្រំដែននិងតាមបណ្តាច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាង។

៧. ក្រសួងមហាផ្ទៃ នឹងចាត់ក្រុមការងារជំនាញដឹកនាំដោយអគ្គនាយកដ្ឋានរដ្ឋបាល ដោយមាន ការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បី ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញតួនាទីភារកិច្ចនៅតាមបណ្ដាច្រកទ្វារ ព្រំដែនទាំងអស់ សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ។ ក្នុងករណីរកឃើញថា ច្រកទ្វារព្រំដែនណាមួយកើតមានបញ្ហាមិនប្រក្រតីបណ្តាលមកពីការអនុវត្តតួនាទីភារកិច្ច មិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយ ប្រទេសជិតខាងទាំងអស់ ជ្រាប និងចាត់ចែងអនុវត្តតាមខ្លឹមសារខាងលើ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

...

ដោយ : ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print