គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គ.ជ.អ.ប ក្រោមអធិបតិភាព លោក ចាន់ សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួង ស្ថាប័ពាក់ព័ន្ធ លោក លោកស្រី ថ្នាក់ដឹកនាំ នៃគ.ជ.អ.ប និងអភិបាលរងរាជធានី-ខេត្ត ព្រមទាំងមន្ត្រីបច្ចេកទេសរបស់រដ្ឋបាលរាជធានី-ខេត្ត ជាច្រើនរូបផងដែរ។

នាឱកាសនោះដែរ លោក ចាន់សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានមតិ ស្វាគមន៍ និងមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាពេលព្រឹកនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤របស់ គ.ជ.អ.ប។ លោកបានបន្ថែមថា សេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤នេះ គឺមានសារសំខាន់ណាស់ ដែលមានចក្ខុវិស័យ គោលបំណង និងគោលដៅ ច្បាស់លាស់ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ សម្រាប់ការដឹកនាំ ការសម្របសម្រួលការងារកំណែទម្រង់ និងការគាំទ្រសកម្មភាពនានានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រឹង និងលើកកម្ពស់ភាពជាម្ចាស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ ប្រកបដោយប្រសិទ្ធភាព និងស័ក្កសិទ្ធិភាព។ ទន្ទឹមនោះ លោកបានស្នើដល់សមាជិកអង្គប្រជុំទាំងអស់ដែលជាតំណាងក្រសួង ស្ថាប័ននានា សូមចូលរួមពិនិត្យ និងផ្តល់យោបល់ និងធាតុចូលជាអាទិភាពសំខាន់ៗនានា ដើម្បីឱ្យផែនការនេះមានភាពកាន់តែល្អប្រសើរបន្ថែមទៀត។

លោក ឈុន ប៊ុនណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញសង្ខេបស្តីពី សេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤របស់ គ.ជ.អ.ប។ ជាមួយគ្នានោះ លោក បានមានប្រសាសន៍បញ្ជាក់ថា សេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤នេះ មានចក្ខុវិស័យ ក្នុងការបម្រើប្រជាពលរដ្ឋលើការទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋាន ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដែលរួមចំណែកសម្រេចឱ្យបាននូវគោលដៅដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ លើសពីនេះទៀត សេចក្តីព្រាងផែនការនេះ មានគោលបំណង ដើម្បីលើកកម្ពស់ការផ្តល់សេវា តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អនូវដំណើរការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ លោក ក៏បានលើកឡើងបន្ថែមថា ការកសាងរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤នេះ ក៏មានគោលដៅសំខាន់ ដើម្បីពង្រឹងរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានលក្ខណៈទំនើប ស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដែលមានសិទ្ធិអំណាចសមស្រប និងសមត្ថភាពគ្រប់គ្រាន់សម្រាប់អនុវត្តមុខងារទាំងឡាយក្រោមការត្រួតពិនិត្យពីក្រុមប្រឹក្សា ដើម្បីធានាដល់ការពង្រឹងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print