ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរអំពីសមត្ថភាពនៃការច្នៃប្រឌិត និងការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់បញ្ចូលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សា ដែលជាសមិទ្ធផលនៃការធ្វើកំណែទម្រង់ ហើយបានបង្ហាញច្បាស់អំពីសមត្ថភាពនៃការស្រាវជ្រាវ និងការបង្កើតគំនិតថ្មី ដែលជាការវិវឌ្ឍជាវិជ្ជមាននៃវិស័យអប់រំ ។ ទាំងនេះ គឺជាសមិទ្ធផលរបស់ថ្នាក់ដឹកនាំក្រសួង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមប្រកបដោយភាពបុរេសកម្ម និងបានដើរមុនសភាពការណ៍ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ដែលជាជ្រុងទី៥ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាគ្រូបង្រៀន ៥ តុលា នាពេលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីអត្ថន័យដ៏ធំធេងរបស់ទិវាគ្រូបង្រៀន ដែលជាការបំផុសវប្បធម៌ដល់សិស្ស និស្សិត និងយុវជន ក្នុងការបន្តដឹងគុណដល់លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ ពីព្រោះថា ពួកគាត់គឺជាឳពុកម្តាយទីពីរ ជាអ្នកផ្តល់បំនិនជីវិត និងសមត្ថភាពដល់សិស្ស និស្សិតគ្រប់ៗរូប ។ ព្រមជាមួយគ្នានេះផងដែរ សម្តេចធិបតី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំយ៉ាងសកម្មក្នុងការលើកកម្ពស់គុណវុឌ្ឍិ និងគុណតម្លៃ របស់លោកគ្រូ អ្នកគ្រូ ក្នុងរយៈកាលកន្លងមក ព្រមជាមួយនឹងការអរគុណដល់ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការ និងការគាំទ្រផ្សេងៗ សំដៅជំរុញការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺការបន្តការយកចិត្តទុកដាក់លើវិស័យអប់រំ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការបញ្ជាក់បន្ថែមថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការបន្តធ្វើកំណែទម្រង់តាមរយៈវិធានគន្លឹះចំនួន ៥ គឺ៖ ១/ពង្រឹងមុខងារសាធារណៈ, ២/ពង្រឹងវិស័យអប់រំ, ៣/ពង្រឹងវិស័យសុខាភិបាល, ៤/ពង្រឹងការគ្រប់គ្រង និងប្រឆាំងគ្រឿងញៀន និង ៥/កំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ។ ក្នុងនោះវិស័យអប់រំ ដែលជាវិធានការគន្លឹះនៃ២ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ គឺជាសសរស្តម្ភសំខាន់ ហើយនឹងទទួលបានការយកចិត្តទុកដាក់ខ្ពស់ ដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចដាក់ចេញនូវការពង្រឹងការបណ្តុះបណ្តាលមូលដ្ឋានពីមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ តាមរយៈវិធានគន្លឹះអាទិភាពចំនួន ៤ គឺ៖ ១/ ការពង្រឹងអភិបាលកិច្ច, ២/ ការពិនិត្យកែសម្រួល និងការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស, ៣/ ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ៤/ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្សស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ/Public-Community Partnership for Education (PCPE)”។ ដូចនេះដើម្បីអនុវត្តវិធានការគន្លឹះទាំង ៤ ឱ្យបានជោគជ័យ រាជរដ្ឋាភិបាលបានបង្កើត “គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ” ដែលជាយន្តការរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហើយតម្រូវឱ្យមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ សំដៅឱ្យគុណភាពរបស់សាលារៀនរដ្ឋ នឹងកាន់តែប្រសើរឡើង ហើយសិស្សានុសិស្សនឹងក្លាយជាទំពាំងស្នងឫស្សីយ៉ាងពិតប្រាកដ និងដ៏រឹងមាំ ដែលប្រកបដោយចំណេះដឹង ជំនាញ វិន័យ សីលធម៌ ព្រមទាំងឥរិយាបថថ្លៃថ្នូរ។
មុននឹងបញ្ចប់ សម្តេចធិបតី បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ស្តង់ដារសាលារៀនគម្រូ និងពានរង្វាន់សាលាគម្រូសម្តេចមហាបវរធិបតី” សម្រាប់សាលារៀន ដែលសម្រេចស្តង់ដារសាលារៀនគម្រូ ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ ដើម្បីឱ្យ៖ ១/សាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបានស្តង់ដារសាលារៀនគម្រូ, ២/សាលារៀនមានស្វ័យភាពកែលម្អសាលារៀន ថ្នាក់រៀន និងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន, ៣/សិស្សមានសមត្ថភាព និងធ្វើតេស្តស្តង់ដារប្រកបដោយតម្លាភាព និងយុត្តិធម៌, ៤/គ្រូបង្រៀនអាចប្រើប្រាស់លទ្ធផលតេស្ត ដើម្បីកែលម្អការបង្រៀន និងការអភិវឌ្ឍគុណវុឌ្ឍិជាប្រចាំ ហើយថែមទាំងអាចជួយសិស្សរៀនយឺត និងផ្តល់ព័ត៌មានត្រឡប់ទៅមាតាបិតា អាណាព្យាបាល និងសហគមន៍វិញបានទាន់ពេលវេលា, ៥/មានការបង្កើតសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីអប់រំគុណធម៌ សីលធម៌ និងសុជីវធម៌ដល់សិស្សានុសិស្ស, ៦/មានការយកចិត្តទុកដាក់លើបញ្ហាសុខភាពសិក្សា និងអាហារូបត្ថម្ភរបស់សិស្សានុសិស្ស និង ៧/មានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការគាំទ្រ និងការអភិវឌ្ឍសាលារៀនឱ្យមានប្រសិទ្ធភាព។ ដូចនេះ សម្រាប់រយៈពេល ២ ឆ្នាំខាងមុខ ក្រុមការងារគណៈកម្មាធិការចូលរួមអភិវឌ្ឍសាលារៀនចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមគ្រប់ស្តង់ដារទាំង ៥ រួមមាន៖ ១/ លទ្ធផលសិក្សារបស់សិស្ស, 2/ ការបង្រៀន និងការរៀន, 3/ការចូលរួមរបស់សហគមន៍ និងមាតាបិតា, 4/ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង៥/គណនេយ្យភាពរបស់សាលារៀន ៕
ដោយ ៖ សហការី