ភ្នំពេញ : ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា : លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានទទួលជួបសម្តែងការគួរសមពី លោក ដាទុក អិលជិន ហ៊ូសានី ហាស៊ីម (Datuk Eldeen Husaini Hashim) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ ប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់ កិច្ចសហប្រតិបត្តិការពង្រឹងទេសចរណ៍ រវាងប្រទេសទាំងពីរ ប្រកបដោយនិរន្តរភាព និងភាពធន់ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។
បន្ទាប់ពីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកឯកអគ្គរាជទូត លោករដ្ឋមន្រី្ត បានចែករំលែកនូវចក្ខុវិស័យថ្មីក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដោយបានបង្ហាញអំពីគំនិតផ្តួចផ្តើម យុទ្ធសាស្រ្ត “បង្កើន ៥ BUILD” និង “អភិវឌ្ឍ៣–3Ds” សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។
លោកឯកអគ្គរាជទូត បានអបអរសាទរចំពោះ លោករដ្ឋមន្ត្រី ដែលត្រូវបាន តែងតាំងជារដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការ សហការលើចក្ខុវិស័យថ្មី។ ភាគីទាំងពីរ បានរំលឹកពីស្មារតីនៃជំនួបពិភាក្សារវាង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក អាន់វ៉ អីបហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំឡុងដំណើរ ទស្សនកិច្ចនៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០២៣ ដែលបានឯកភាពគ្នាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បាន ពិភាក្សាគ្នាបន្ថែមក្នុងការរៀបចំផែនការសកម្មភាពស្របតាមស្មារតីខាងលើ តាមយុទ្ធនាការ “ប្រទេសពីរ គោលដៅមួយ ជាពិសេសបានពិចារណាជំរុញការអភិវឌ្ឍ និងផ្សព្វផ្សាយប្រទេសទាំងពីរឱ្យក្លាយជា គោលដៅរួមទាក់ទាញទេសចរមូស្លីម ក្រោមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៩។
ដើម្បីអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព លោកឯកអគ្គរាជទូត បានអញ្ជើញ លោករដ្ឋមន្ដ្រី ទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ជាក់ស្ដែងទៅវិញទៅមក ក៏ដូចជារឹតចំណងមិត្តភាពឱ្យកាន់តែរឹងមាំថែមទៀត។ ជាចុងក្រោយ…ភាគី ទាំងពីរ បានប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតជាមWe ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕
ដោយ : សហការី