ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃចន្ទទី០៩ ខែតុលា ឆ្នាំ២០២៣នេះ៖ ដោយបានប្រតិកម្មនឹងសារព័ត៌មានមួយដែលបានចុះផ្សាយព័ត៌មានមិនបានផ្ទៀងផ្ទាត់ ឬធ្វើមិនយល់ក្នុងចេតនាវាយប្រហារលើបុគ្គលលោកផ្ទាល់ក៏ដូចជាលើរាជរដ្ឋាភិបាល ទាក់ទងបទសម្ភាសន៍របស់លោកជាមួយកាសែតក្នុងស្រុកមួយកាលពីពេលថ្មីៗនេះ។
ជាក់ស្ដែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោករដ្ឋមន្ត្រីបានសរសេរយ៉ាងដូច្នេះថា៖ កាលពីពេលថ្មីៗនេះ ខ្ញុំបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានកម្ពុជាថ្មីដោយនិយាយថា នៅស្រុកគេពិសេសប្រទេសជឿនលឿន សារព័ត៌មានមិនយករឿងចោរលួច ចោរប្លន់ម៉ូតូ រឿងក្មេងទំនើងវ៉ៃគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍ ឬឃាតកម្ម ហិង្សាមកធ្វើជារឿងសំខាន់ហើយពង្រីកដាក់លើទំព័រមុខទេ។
គេច្រើនសរសេរជារឿងខ្លីៗដាក់នៅទំព័រខាងក្នុងតែប៉ុណ្ណោះដោយមិនប្រើរូបថតទេ លើកលែងតែករណីនោះជារឿងធំពាក់ព័ន្ធបុគ្គលល្បីៗទើបគេសរសេរវែង តែគេត្រូវគោរពក្រមសីលធម៌ខ្ពស់ណាស់ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពអំពើហិង្សា ឬឃាតកម្មជាដើមពីព្រោះគេគិតពីផលប៉ះពាល់អវិជ្ជមានផ្សេងៗនិងការគោរពសិទ្ធិបុគ្គលឯកជន។ ក្រមសីលធម៌បែបនេះនរណាក៏ដឹងដែរជាពិសេសបញ្ញវន្តអ្នករៀនសូត្រចេះដឹងនិងអ្នកសារព័ត៌មាន។
ចុះហេតុអ្វីបានជាសារព័ត៌មានខ្លះមិនយល់រឿងនេះ? តើសកម្មជនសិទ្ធិមនុស្សរូបណាដែលចង់ឃើញរូបភាពហិង្សា ខ្វះការគោរពសិទ្ធិបុគ្គលឯកជន នៅលើទំព័រមុខសារព័ត៌មាន?
អ្នកសារព័ត៌មានដែលសរសេរអត្ថបទនេះទៀតសោតមិនបានផ្ទៀងផ្ទាត់ថាតើសម្តីដើមរបស់ខ្ញុំចង់និយាយពីអ្វីនិងក្នុងបរិបទអ្វីនោះឡើយ។ នេះជាភាពខ្សត់ខ្សោយខាងវិជ្ជាជីវៈដោយគ្រាន់តែលឺគេថា ហើយបន្ថែមល្បោយខ្លួនឯងតុបតែងបានជាសាច់រឿងមួយវែងអន្លាយដើម្បីវាយប្រហារអ្នកដទៃ ឬវាយប្រហារលើរាជរដ្ឋាភិបាល។
ជាថ្មីម្តងទៀត ក្នុងនាមជាអ្នកធ្លាប់ប្រឡូកក្នុងអាជីពនេះ៣០ឆ្នាំ ហើយដែលបានរួមចំណែកក្នុងការកាត់បន្ថយរូបភាពហិង្សាលើទំព័រសារព័ត៌មានក៏ដូចជាក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ជំហរជាថ្មីថា សូមបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពដែលបំពានលើសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬលើបណ្តាញសង្គមតទៅទៀត ពីព្រោះវាមានផលប៉ះពាល់អវិជ្ជមានច្រើនយ៉ាងណាស់៕ដោយ៖សហការី