ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖​ អំពាវនាវជាថ្មីឱ្យបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពបំពាន​ សិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬបណ្តាញសង្គម

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃចន្ទទី០៩​ ខែតុលា​ ឆ្នាំ​២០២៣នេះ៖ ដោយបាន​ប្រតិកម្ម​នឹង​សារព័ត៌មាន​មួយ​ដែល​បាន​ចុះផ្សាយព័ត៌មានមិនបានផ្ទៀងផ្ទាត់ ឬធ្វើមិនយល់ក្នុង​ចេតនា​វាយ​ប្រហារ​លើ​បុគ្គល​លោក​ផ្ទាល់​ក៏ដូចជាលើរាជរដ្ឋាភិបាល ទាក់ទងបទសម្ភាសន៍​របស់​លោកជា​មួយ​កាសែត​ក្នុងស្រុក​មួយកាលពីពេលថ្មីៗនេះ។​

ជាក់ស្ដែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ លោករដ្ឋមន្ត្រីបានសរសេរយ៉ាងដូច្នេះថា៖ កាលពីពេលថ្មីៗនេះ ខ្ញុំបានផ្តល់បទ​សម្ភាសន៍​ដល់​សារ​ព័ត៌មានក​ម្ពុជាថ្មីដោយនិយាយថា នៅស្រុកគេពិសេសប្រទេសជឿនលឿន សារ​ព័ត៌មាន​មិន​យក​រឿង​ចោរ​លួច ចោរប្លន់ម៉ូតូ រឿងក្មេងទំនើងវ៉ៃគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍ ឬឃាតកម្ម ហិង្សា​មក​ធ្វើ​ជារឿងសំខាន់ហើយពង្រីកដាក់លើទំព័រមុខទេ។

គេច្រើនសរសេរជារឿងខ្លីៗដាក់នៅទំព័រខាងក្នុងតែប៉ុណ្ណោះដោយមិនប្រើរូបថតទេ លើក​លែង​តែ​ករណី​នោះ​ជារឿងធំពាក់ព័ន្ធបុគ្គលល្បីៗទើបគេសរសេរវែង តែគេត្រូវគោរព​ក្រម​សីលធម៌​ខ្ពស់​ណាស់​ពិសេស​ពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពអំពើហិង្សា ឬឃាតកម្មជាដើម​ពី​ព្រោះគេ​គិត​ពី​ផល​ប៉ះពាល់​អវិជ្ជមានផ្សេងៗនិងការគោរពសិទ្ធិបុគ្គលឯកជន។ ក្រម​សីលធម៌​បែប​នេះ​នរណា​ក៏​ដឹង​ដែរ​ជា​ពិសេសបញ្ញវន្តអ្នករៀនសូត្រចេះដឹងនិងអ្នកសារព័ត៌មាន។

ចុះហេតុអ្វីបានជាសារព័ត៌មានខ្លះមិនយល់រឿងនេះ? តើសកម្មជន​សិទ្ធិ​មនុ​ស្ស​រូប​ណា​ដែល​ចង់​ឃើញ​រូប​ភាពហិង្សា ខ្វះការគោរពសិទ្ធិបុគ្គលឯកជន នៅលើទំព័រមុខសារព័ត៌មាន?

អ្នកសារព័ត៌មានដែលសរសេរអត្ថបទនេះទៀតសោតមិនបានផ្ទៀងផ្ទាត់ថាតើសម្តីដើមរបស់ខ្ញុំចង់និយាយ​ពីអ្វីនិងក្នុងបរិបទអ្វីនោះឡើយ។ នេះជាភាព​ខ្សត់​ខ្សោយ​ខា​ង​វិជ្ជា​ជីវៈ​ដោយ​គ្រាន់​តែ​លឺគេ​ថា​ ហើយប​ន្ថែម​ល្បោយ​ខ្លួន​ឯង​តុប​តែង​បាន​ជា​សាច់​រឿង​មួយ​វែង​អន្លាយ​ដើម្បី​វាយ​ប្រហារ​អ្នក​ដទៃ ឬវាយប្រហារលើរាជរដ្ឋាភិបាល។

...

ជាថ្មីម្តងទៀត ក្នុងនាមជាអ្នកធ្លាប់ប្រឡូកក្នុងអាជីពនេះ៣០ឆ្នាំ ហើយដែល​បាន​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​រូបភាពហិង្សាលើទំព័រសារព័ត៌មានក៏ដូចជាក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ឯកឧត្តម​រដ្ឋ​មន្ត្រី​ប្រតិភូ​បា​នបញ្ជាក់ជំហរជាថ្មីថា សូមបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាព​ដែល​បំពាន​លើ​សិទ្ធិ​បុគ្គល​ឯកជន នៅលើទំព័រសារព័ត៌មាន ឬលើបណ្តាញសង្គមតទៅទៀត ពីព្រោះ​វា​មាន​ផល​ប៉ះពាល់​អវិជ្ជមានច្រើនយ៉ាងណាស់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print