ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Mikel Arteta បានលាឈប់ពីអាជីពកីឡាកររបស់ ក្រុមកាំភ្លើងធំ Arsenal ទៅកាន់តួនាទីជាគ្រូបង្វឹកជំនួយនៅក្នុងក្រុម Manchester City វិញក្រោមការដឹកនាំរបស់លោក Pep Guardiola ។
កីឡាករវ័យ៣៤ឆ្នាំរូបនេះបានលេងឲ្យក្រុមកាំភ្លើងធំតែ២ដងប៉ុណ្ណោះកាលពីរដូវកាលចាស់ ហើយបានសម្រេចចិត្តចូល និវត្តន៍ក្រោយពេលចប់រដូវកាលបន្ទាប់ពីលេងបាន៥ឆ្នាំនៅក្នុងទឹកដីEmirates។
Mikel Arteta ស៊ុតបាល់បាន១៧គ្រាប់ក្នុងចំណោម១៥០ប្រកួតឲ្យក្រុមArsenal និងឈ្នះពានរង្វាន់អង់គ្លេស FA Cup ចំនួន ២ដងជាមួយនឹងក្រុមនេះ ។
Artetaបាននិយាយពីឱកាសទៅធ្វើការជាមួយនឹងគ្រូបង្វឹក Pep Guardiola ថា “ខ្ញុំ តែងតែចង់បន្តអាជីពលើសពីកីឡាករបាល់ទាត់ ។ ពេលនេះខ្ញុំមានឱកាសដ៏អស្ចារ្យ បំផុត ខ្ញុំអាចបញ្ជាក់ចាក់ពេលនេះថាខ្ញុំនឹងចាកចេញពីក្រុមArsenalក្នុងនាមជាកីឡាករទៅកាន់តួនាទីជាគ្រូបង្វឹកវិញនៅ Manchester City ។ ខ្ញុំរីករាយខ្លាំងណាស់និង មានកិត្តិយសបំផុតដែលបានធ្វើជាប្រធានក្រុមកាំភ្លើងធំអស់រយៈពេល៥ឆ្នាំមក ។ អ្វីដែលពិសេសជាងគេនៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំនោះគឺលេងក្រោមការដឹកនាំ របស់គ្រូបង្វឹកល្អបំផុតរបស់ពិភពលោក។ ខ្ញុំសង្ឃឹមថានឹងយកបទពិសោធន៍ទាំងឡាយ ដែលខ្ញុំមានពីការលេងបាល់ទាត់របស់ខ្ញុំ កន្លងមកទៅជួយក្រុម Man City ឲ្យទទួល បានជោគជ័យ” ៕
ដោយ៖ ដេវីត