កីឡាករអន្តរជាតិប៉ូឡូញ Grzegorz Krychowiak បានសម្រេចចិត្តផ្លាស់ចេញពី ក្រុម Sevilla របស់អេស្ប៉ាញទៅលេងឲ្យក្រុមជើងឯកបារាំង Paris Saint-Germainក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។
កីឡាករវ័យ២៦ឆ្នាំរូបនេះបានផ្លាស់ ចេញពីក្រុម Reims របស់បារាំងមកកាន់ ក្រុម Sevilla កាលពីឆ្នាំ២០១៤ ។ ក្នុងការ បង្ហាញខ្លួន៩០ប្រកួតឲ្យ Sevilla រូបគេបាន ជួយក្រុមនេះឈ្នះជើងឯក Europa League ចំនួន២សម័យជាប់គ្នា។
មិនត្រឹមតែប៉ុណ្ណោះខ្សែបម្រើ Grzegorz Krychowiak ក៏បានជួយក្រុមជម្រើសជាតិប៉ូឡូញឆ្លងទៅលេងវគ្គ៨ក្រុមចុងក្រោយនៅយូរ៉ូឆ្នាំ២០១៦ក្នុងប្រទេសបារាំងផងដែរ ប៉ុន្តែពួកគេបានប្រកួតចាញ់ក្រុមជម្រើស ជាតិព័រទុយហ្គាល់ដោយបាល់ប៉េណាល់ទី។
កីឡាករ Krychowiak បាននិយាយថា “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានវិលត្រឡប់មកកាន់ប្រទេសបារាំងវិញដោយ ចូលរួមក្រុមដែលមានមហិច្ឆតាខ្ពស់ដូចជា Paris Saint-Germain ។ ពិសេសនោះមានឱកាសធ្វើការជាមួយនឹងលោកគ្រូបង្វឹក Unai Emery ដែលនេះហើយគឺជាកត្តា ជំរុញខ្ញុំឲ្យមកកាន់ទីនេះ” ។
គួររំលឹកថា គ្រូបង្វឹក Unai Emery បាន ផ្លាស់ចេញពីក្រុម Sevilla មកដឹកនាំក្រុម Paris Saint-Germain ជំនួសតំណែងរបស់ លោក Laurent Blanc ៕
ដោយ៖ ដេវីត