រដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់បានប្រកាសថា និងការកាន់ទុក្ខរយៈពេល៣ថ្ងៃទូទាំងប្រទេស ក្រោយមានការវាយប្រហារគ្រាប់បែកអត្តឃាតស្លាប់និងរបួសជិត ៤០០នាក់។ គិតមកដល់ថ្ងៃទី៤ ខែកក្កដា មានអ្នកស្លាប់កើនឡើងដល់១៣០នាក់និងរបួសជាង២០០នាក់។
ចំណែកសារព័ត៌មាន BBC បានផ្សាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦៥នាក់ និងរបួស២២៥នាក់ក្នុងគ្រោះថ្នាក់បំផ្ទុះគ្រាប់បែកអត្តឃាត២កន្លែងផ្សេងគ្នាដែលនេះជាគ្រោះថ្នាក់ដ៏ធំបំផុតប្រចាំឆ្នាំ២០១៦ ក្នុងប្រទេសអ៊ីរ៉ាក់ ។
ប្រភពព័ត៌មានពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានឲ្យដឹងថា អ្នកស្លាប់ភាគច្រើនជាកុមារនិងស្ត្រី ហើយអ្នកស្លាប់អាចនឹងកើនឡើងជាបន្តបន្តាប់ដោយសារតែមានអ្នករងរបួសជាច្រើនស្ថិតក្នុងការសង្គ្រោះបន្ទាន់។
នៅក្នុងការវាយប្រហារគ្រាប់បែកពីរលើកខាងលើ ការវាយប្រហារទ្រង់ទ្រាយធំបំផុតគឺនៅទីក្រុង Karrada ជាកន្លែងដែលមានពលរដ្ឋអ៊ិស្លាមភាគច្រើនរស់នៅកាន់និកាយស៊ីអិត បណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ ១១៩នាក់ និងជាង១៨០នាក់រងរបួស។
ជនវាយប្រហារគ្រាប់បែកអត្តឃាតបានបំផ្ទុះរថយន្តផ្ទុករំសែវក្នុងពេលដែលមនុស្សជាច្រើនកំពុងតែទិញដូរត្រៀមពិធីបញ្ចប់បុណ្យ Ramadan របស់សាសនិកអ៊ិស្លាម។ ការបំផ្ទុះនោះក៏បានធ្វើឲ្យហាងលក់ទំនិញជាច្រើននៅក្នុងតំបន់រងការឆាប់ឆេះផងដែរ។
ក្រុមភេរវកម្មអ៊ិស្លាម IS បានចេញមុខទទូលស្គាល់ថា ជាសកម្មភាពរបស់ខ្លួនសម្តៅទៅលើក្រុមអ៊ិស្លាមកាន់និកាយស៊ីអីតនៅតំបន់នោះ។ ការវាយប្រហារខាងលើបង្ហាញឲ្យឃើញថា បើទោះបីក្រុម IS ត្រូវបានបាត់បង់ទឹកដីជាច្រើនប៉ុន្តែក្រុមនេះនៅតែលួចធ្វើសកម្មភាពវាយប្រហារពេលក្រុមសន្តិសុខធ្វេសប្រហែស។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ កងទ័ពអ៊ីរ៉ាក់ បានបន្តការវាយរុលទៅមុខយ៉ាងសន្សឹមៗនៅភាគខាងជើង។ កងទាហ៊ាននិងសមាជិកនៃកងកម្លាំងប្រឆាំងទល់នឹងអំពើភេរវនិយមរបស់អ៊ីរ៉ាក់បានវាយដណ្តើមកាន់កាប់ភូមិមួយកន្លែងនៅចម្ងាយ ២៦០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងបាកដាត លើផ្លូវហាយវ៉េដ៏សំខាន់មួយពីជើងទៅត្បូងនៅថ្ងៃអង្គារមុន។
នៅខណៈនេះកងទ័ពអ៊ឺរ៉ាក់កំពុងស្ថិតនៅចម្ងាយប្រមាណតែ ៤៥គីឡូម៉ែត្រប៉ុណ្ណោះពីទីមូលដ្ឋានអាកាសចរណ៍មួយនៅ Kayara។ គោលដៅមួយទៀតនៃការវាយរុលទៅមុខរបស់កងទ័ពអ៊ីរ៉ាក់គឺដើម្បីវាយដណ្តើមយកមកវិញ រោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅម្តុំ Kayara ដែលអាចផលិតប្រេងបានចំណុះរហូតដល់ទៅ ១ម៉ឺន៦ពាន់បារីលក្នុងមួយថ្ងៃៗពីរសប្តាហ៍បន្ទាប់ពីការវាយដណ្តើមយកបានរោងចក្រប្រេងមួយនៅ Baïdji រួចមក។
កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់នៅពេលនេះបានទទួលផលចំណេញច្រើនដោយសារជោគជ័យដ៏រុងរឿងមួយក្រោយពី វាយដណ្តើមបានមូលដ្ឋានស៊ុយនីតមួយកន្លែងនៅ Falloudja។ នាពេលនេះអង្គការរដ្ឋអ៊ីស្លាមជីហាត ក៏កំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏ពិបាកមួយដោយហេតុតែពួកអ៊ីស្លាមជីហាតនេះអស់សមត្ថភាពក្រៅតែពីការខិតខំទប់ទល់ជាមួយកម្លាំងទ័ពរបស់អ៊ីរ៉ាក់តែប៉ុណ្ណោះ ពីរឆ្នាំបន្ទាប់ពីអង្គការជីហាតវាយដណ្តើមយកបាននូវតំបន់ជាច្រើនកន្លែងក្នុងប្រទេសអ៊ីរ៉ាក់និង ស៊ីរីរួចមក។
កម្លាំងទាហ៊ានអ៊ីរ៉ាក់ដណ្តើមបានទីតាំងជាច្រើនពីក្រុមភេរវករជាច្រើនមកគ្រប់គ្រងវិញ ទាំងនោះហើយដែលជាដើមហេតុធ្វើឲ្យក្រុម IS បង្កើនការវាយប្រហារទៅលើពលរដ្ឋស្លូតត្រង់ជាការគម្រាមដល់កងទ័ពអ៊ីរ៉ាក់ឲ្យបញ្ឈប់សកម្មភាពវាយប្រហារខាងលើ៕
ប្រែសម្រួល៖ សាធី