ភ្នំពេញ : លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក ផាទីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា អំពីការធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូកម្ពុជា-អាមេរិក ជាពិសេសជំរុញលំហូរទេសចរ និងពិនិត្យ កាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
បន្ទាប់ពីស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្ត្រីបាន ចែករំលែកនូវចក្ខុវិស័យថ្មីក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដោយបានបង្ហាញអំពីគំនិតផ្តួចផ្ដើម យុទ្ធសាស្ត្រ “បង្កើន៥ និង អភិវឌ្ឍ៣ (BUILD + 3Ds)”។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងដើម្បី ប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើការកសាងភាពជាដៃគូល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជន។
ឯកឧត្តមរដ្ឋមន្តី បានគូសបញ្ជាក់ថា ភ្ញៀវទេសចរសហរដ្ឋអាមេរិក ជាទីផ្សារគោលដៅធំ របស់កម្ពុជា ដោយស្ថិតក្នុងចំណោមទីផ្សារធំទាំង១០ ទាំងមុន និងក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម រដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ជួយគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅ កាន់ទីផ្សារសហរដ្ឋអាមេរិក និងជួយជំរុញភ្ញៀវទេសចរសហរដ្ឋអាមេរិកឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យ កាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសវិនិយោគិនដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះ លោករដ្ឋមន្រ្តី ដែលត្រូវបាន ទទួលការតែងតាំងជារដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ និងកោតសរសើរចំពោះភាព រីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ដែលមានយុទ្ធសាស្ត្រ និងចក្ខុវិស័យច្បាស់លាស់ ហើយទទួល បានការយកចិត្តដាក់ខ្ពស់លើវិស័យនេះពីរាជរដ្ឋាភិបាលកម្ពុជា។ លោកឯកអគ្គរដ្ឋទូត សង្កេត ឃើញថាកម្ពុជាជាប្រទេសដែលទទួលបានជោគជ័យក្នុងការស្តារវិបត្តិកូវីដ-១៩ និងមើលឃើញនូវ សក្តានុពលដ៏ខ្លាំងក្លារបស់ប្រទេសនេះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសអេកូទេសចរណ៍ និង កសិទេសចរណ៍។ លោកឯកអគ្គរដ្ឋទូត សង្ឃឹមថា នឹងឃើញភ្ញៀវទេសចរកម្ពុជាកាន់តែច្រើន ទៅទស្សនានៅសហរដ្ឋអាមេរិក និងខិតខំធ្វើយ៉ាងណាបន្តសម្របសម្រួលការធ្វើដំណើររវាងប្រទេសទាំង ពីរឱ្យកាន់តែប្រសើរ។
ជាចុងក្រោយ លោករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការប្តេជ្ញា ចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ ប្តូរវប្បធម៌ និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឲ្យកាន់តែរឹងមាំ និងការ បង្កើនទំនុកចិត្ត និងប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ៕
ដោយ : សហការី