សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិគប់គងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣

សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! សម្តេចឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!

បងប្អូនជនរួមជាតិជាទីមេត្រី!

ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមសម្តែងនូវមនោសញ្ចេតនារីករាយ និងគាំទ្រចំពោះការរៀបចំប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរ ជាតិកាត់បន្ថយគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសដ៏វិសេសវិសាលនេះថ្លែងនូវសារលិខិតថ្វាយសម្តេច ព្រះសង្ឃរាជ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនបងប្អូនជនរួមជាតិទាំងអស់ ក្នុងបំណងលើកកម្ពស់ ស្មារតីយល់ដឹងនៃការអនុវត្តភារកិច្ចគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងក្របខណ្ឌពហុវិស័យ ដោយឈរលើគ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ចសង្គម និងប្រកបដោយបរិយាបន្ន។

ក្នុងទិវាដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតសម្ដែងគារវភក្តី និងកតញ្ញូតាធម៌ដ៏ ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គទាំងទ្វេរ តែងបានយកព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ ដោយក្តីអាណិត ស្រឡាញ់ និងប្រោសព្រះរាជទាននូវអំណោយដ៏ថ្លៃថ្លាជួយដល់ប្រជារាស្ត្រ កូនចៅទីទ័លក្រ និងរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ។

ខ្ញុំសូមសម្តែងនូវកតញ្ញុតាធម៌ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានការពារយ៉ាងមោះមុតនូវសុខសន្តិភាព និង សុវត្ថិភាពជូនប្រជាជនដឹកនាំការគ្រប់គ្រងគ្រោះមហន្តរាយ ដោយប្រយុទ្ធ ទប់ស្កាត់ រក្សាការពារអាយុជីវិត និង ជីវភាពប្រជាជនដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយមិនមានការទទួលខុសត្រូវឡើយ។

ជាមួយនេះដែរ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមថ្លែងនូវអំណរព្រះគុណប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងអរគុណជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំក្រសួងស្ថាប័ន មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ផ្នែកឯកជនសប្បុរសជន និងប្រទេសជាមិត្តដែលបានឧបត្ថម្ភគាំទ្រ និងបរិច្ចាគធនធាន សម្ភារ ថវិកា ជួយដល់ប្រជាជនកម្ពុជាទទួលរងនូវ គ្រោះមហន្តរាយ ដែលកើតមានលើទឹកដីកម្ពុជាកន្លងមក។

ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ជាទីមេត្រី!

ជាការពិតស្ថានភាពសេដ្ឋកិច្ច សង្គមពិភពលោកបច្ចុប្បន្ន បានរងផលប៉ះពាល់ពីការកើតមាននៃជំងឺ កូវីដ១៩និងជម្លោះដែលកំពុងកើតមានរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយជាមួយនោះពិភពលោកក៏ជួបនូវ កត្តានៃការប្រែប្រួលអាកាសធាតុ នាំឱ្យមានការកើនឡើងកំដៅផែនដីបន្តជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថានពិភពលោកទាំងមូល និងបង្កឱ្យកើតមានគ្រោះមហន្តរាយធម្មជាតិ ធ្វើឱ្យបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសជាច្រើនមិនថាជាប្រទេសអភិវឌ្ឍន៍ប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសក្រីក្រនោះឡើយ។

ដោយឡែកព្រះរាជាណាចក្រកម្ពុជាក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកនេះដែរស្ថានភាពអាកាសធាតុដូចជាការកើនឡើងកម្ដៅ រដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អហើយមុខសញ្ញាគ្រោះថ្នាក់ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត និងព្រឹត្តិការណ៍មិន ធម្មតា ជំងឺកូវីដ១៩ អគ្គិភ័យ គ្រោះថ្នាក់ផ្លូវគោក ផ្លូវទឹក រលំបាក់អគារ មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗទៀតបាន ផ្តាច់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាជន សហគមន៍ជាច្រើន។ ទោះបីជាមានមុខសញ្ញាគ្រោះថ្នាក់ គ្រោះមហន្តរាយនៅតែបន្តកើតមានក៏ដោយ រាជរដ្ឋាភិបាលតែងតែប្រើប្រាស់គ្រប់វិធានការសរុប មធ្យោបាយ សរុប ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយមកលើប្រជាជន។

ក្នុងឆ្នាំ២០២៣ ជាឆ្នាំដែលកម្ពុជាទទួលបានជោគជ័យពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៣ ខែកក្កដាកន្លងទៅនេះ ដែលប្រជាពលរដ្ឋយើងជាង៨០% បានទៅ បោះឆ្នោតក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ នេះសបញ្ជាក់ឱ្យឃើញអំពីស្មារតីប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់ប្រជាពលរដ្ឋ ក្នុងការជ្រើសតាំងគណបក្សនយោបាយ ដែលខ្លួន ពេញចិត្តសម្រាប់ដឹកនាំរាជរដ្ឋាភិបាល ហើយក៏បានផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំរាជរដ្ឋាភិបាល ដើម្បីធានាការពារសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិដែលប្រជាជនកម្ពុជា បានយល់ដឹង បានឆ្លងកាត់កន្លងមក ពីប្រទេសខ្ទេចខ្ទាំដោយគ្រោះមហន្តរាយធំធេងបង្កដោយមនុស្សគឺ «សង្គ្រាម» និងរបបប្រល័យពូជសាសន៍ ហើយបច្ចុប្បន្នបានក្លាយជាប្រទេសដែលស្ថិតក្រោមដំបូលសន្តិភាព ពេញបរិបូរណ៌ ក្នុងនាមជាប្រជាជាតិមួយដែលកំពុងបន្តដំណើររួមគ្នាឆ្ពោះទៅរកអនាគតរុងរឿង។

ឈរលើបុព្វហេតុដ៏ឧត្ដុង្គឧត្តមខាងលើ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាពខ្ពស់លើការ គ្រប់គ្រងគ្រោះមហន្តរាយ ដោយពុះពារប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការឱ្យបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈនៃហេតុការណ៍គ្រោះមហន្តរាយដោយផ្សារភ្ជាប់ការគ្រប់គ្រងគ្រោះមហន្តរាយទៅនឹងការអភិវឌ្ឍ នៅមូលដ្ឋានធ្វើយ៉ាងណាធានាជំរុញលំហូរធនធានឱ្យបានកាន់តែរលូនដល់ការគ្រប់គ្រងគ្រោះមហន្តរាយនៅ ថ្នាក់ក្រោមជាតិ។

សូមអាននូវខ្លឹមសារ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ទាំងស្រុងដូចខាងក្រោម

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print