ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវជូនជនរួមជាតិ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បី ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព ចំនួន៤ សំខាន់ៗ តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ។
សម្តេចធិបតី មានប្រសាសន៍ថា : ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡាពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាព សេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះមិនថាវិស័យណាមួយ ស្ថាប័នណាមួយ ឬផ្នែកណាមួយ ទាំងស្ថាប័នរដ្ឋ ឯកជន គិតទាំងបុគ្គលគ្រប់រូបសុទ្ធតែមានភារកិច្ចនិងជាប់ ពាក់ព័ន្ធរួមចំណែកដោយផ្ទាល់ ឬដោយប្រយោលទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បី ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងន័យនេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺមានតួនាទីក្នុងការចូលរួមធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយធ្វើការវិនិយោគភាពវៃឆ្លាតគឺការវិភាជន៍ទុន និងធនធានដោយផ្ទាល់ ដើម្បីធ្វើ សមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងការអភិវឌ្ឍសហគមន៍។ ដើម្បីជំរុញឱ្យប្រធានបទដូចបានកំណត់ខាងលើក្លាយជាការពិតជាក់ស្ដែង ខ្ញុំព្រះករុណាខ្ញុំ សូមយក ឱកាសនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ ធ្វើការអំពាវនាវជូនជនរួមជាតិដូចតទៅ៖
១. បន្តការយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាកំណើនសេដ្ឋកិច្ច តាមរយៈការ ចូលរួមវិនិយោគវៃឆ្លាតកែលម្អលំនៅឋានៈ ទីតាំងអាជីវកម្មឱ្យមានសុវត្ថិភាព ពង្រីកមុខរបរដែលធន់ ដើម្បីរក្សាស្ថិរភាព ជីវភាពរស់នៅជាប្រក្រតីតាមគន្លងថ្មី ជាមួយការរស់នៅស្អាត បរិស្ថានល្អ និងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងប្រកាន់ភ្ជាប់ជាមួយវប្បធម៌ចែករំលែក។
២. លើកកម្ពស់វប្បធម៌ផ្ទេរ ទទួលយក និងចែករំលែកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ក្នុងការទប់- ស្កាត់ការកាត់បន្ថយគ្រោះមហន្តរាយ និងបន្តពង្រឹងសមត្ថភាពលើការយល់ដឹងអំពីហានិភ័យគ្រោះ- មហន្តរាយ តាមរយៈការយកចិត្តទុកដាក់តាមដានមុខសញ្ញាគ្រោះថ្នាក់ ព័ត៌មានព្យាករណ៍ និងការ ប្រកាសឱ្យដឹងមុនអំពីហេតុការណ៍ និងគ្រោះថ្នាក់ដែលអាចកើតមានដោយគ្រោះមហន្តរាយ ។
៣. ក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវកំណត់ថា ការងារគ្រប់គ្រងគ្រោះមហន្តរាយ ជា ការងារស្នូលរបស់ខ្លួន និងពង្រឹងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការ ធានាឱ្យ មានធនធានមនុស្ស សម្ភារ សម្រាប់បំពេញការងារ មានធនធានសម្រាប់ដំណើរការ ការងារឆ្លើយតប និង ស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ។
៤. ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តពង្រឹងយន្តការ គោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី ផែនការ និងសកម្មភាពដែលមានស្រាប់ដោយបញ្ជ្រាបការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួល អាកាសធាតុ ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច សង្គម សុខភាព និងបរិស្ថាន។ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ជាទីមេត្រី!
សម្តេចបន្តថា : ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថាខ្លឹមសារ និងអត្ថន័យនៃសារលិខិតនេះនឹងស្ថិតនៅជានិច្ចក្នុងស្មារតី របស់យើងទាំងអស់គ្នា ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ខ្ញុំជឿជាក់ថា ទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ នឹងជួយរំលឹកយើងជាថ្មីម្តងទៀត ឱ្យចងចាំ អំពីអតីតកាលដ៏ឈឺចាប់នៃសង្គ្រាមដែលជាគ្រោះមហន្តរាយ បង្កដោយមនុស្ស និងប្តេជ្ញាការពារ ថែរក្សាឱ្យខាង តែបាននូវដំបូលសន្តិភាពដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន៕
ដោយ : សុខ ខេមរា