ខេត្តស្វាយរៀង: ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាព ទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តស្វាយរៀង ទើបធ្វើអោយ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកកម្សាន្តតាមរមណីយដ្ឋាន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ មានចំនួនសរុប៦៣៥៤នាក់ ។
យោងតាមលោកវ៉ាន់សារ៉ាត ប្រធាន មន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានអោយដឹងនៅព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣នេះថា ក្នុងរយៈពេលបីថ្ងៃ (គិតចាប់ពីថ្ងៃទី១៣ -១៤-១៥ ខែតុលា ឆ្នាំ២០២៣) ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកកម្សាន្តតាមរមណីយដ្ឋាន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៣ ក្នុងខេត្តស្វាយរៀង មានចំនួនសរុប ៦ ៣៥៤នាក់ ,ស្រី ៣ ១៧២នាក់ ក្នុងនោះ ភ្ញៀវបរទេសមានចំនួន ៨០នាក់ ។
លោកបានបន្ថែមថា មន្ទីរទេសចរណ៍ខេត្ត បានអនុវត្តសកម្មភាពការងារមានដូចខាងក្រោម បានចងបដាពាក្យស្លោកផ្សព្វផ្សាយទេសចរណ៍ និងគ្រឿងញៀនចំនួន ០៦កន្លែង។
បានចុះផ្សព្វផ្សាយសារាចរណែនាំលេខ ០០៧ សរណន ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងទេសចរណ៍ ស្តីពីការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២៣ និងបិតស្ទីកឃ័រផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្តស្វាយរៀង សរុបចំនួន ៤២ កន្លែង។
និង ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា គឺបានល្អប្រសើរផងដែរ៕ដោយ៖សុថាន